ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា រួមជាមួយនឹងឥស្សរជនថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង កម្ពស់២ជាន់ ស្មើនឹង១៧បន្ទប់ នៃវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៤០០០នាក់។
មានប្រសាសន៍នាឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំ គឺមានសារ:សំខាន់បំផុត សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដែលជាយុវជនបន្តវេន និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនរឹងមាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកអាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១។ ជាមួយគ្នានោះ សម្តេចបានសង្កេតឃើញថា សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិនាពេលកន្លងទៅនេះ ដោយមានអាយុខ្លះទើបតែ ១៦ឆ្នាំប៉ុណ្ណោះបានប្រលងជាប់ និងឈានជើងចូលទៅសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជាកត្តាមួយបានបង្ហាញថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើនជាលំដាប់។ សម្តេចចក្រី បានជំរុញឱ្យអាណាព្យាបាលសិស្ស បន្តលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កូនៗឱ្យខិតខំសិក្សា និងបន្តគាំទ្រពួកគេឱ្យសម្រេចចិត្តតាមចំណង់ ជំនាញ សមត្ថភាព និងទេពកោសល្យសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។
សូមបញ្ជាក់ថា អគារសិក្សាថ្មី ០១ខ្នងនេះ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយអគារសិក្សានេះសង់ឡើងកម្ពស់០២ជាន់ ស្មើនឹង ១៧បន្ទប់ មានរចនាបថខ្មែរទំនើប បំពាក់នូវសម្ភារ:ប្រើប្រាស់ សម្រាប់ការរៀន និងបង្រៀន និងជាអគារសិក្សា គិតគូរជាពិសេសលើបរិស្ថាន ទាញយកពន្លឺធម្មជាតិយកមកប្រើប្រាស់ លំហូរខ្យល់អាកាសធម្មជាតិ ចេញចូលល្អ បំពាក់ថាមពលអគ្គិសនីដោយថាមពលកកើតឡើងវិញ បំពេញបន្ថែមដោយការដាំដើមឈើ ថ្នាលបណ្តុះកូនឈើ សួនច្បារ ដែលផ្តល់នូវភាពស្រស់ស្អាត បៃតង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងការរៀនសូត្រ៕