នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភា តំណាងប្រជាជនចិន ខេត្តក្វាងទុង ដឹកនាំដោយ ឯកឧត្តម Huang Li ប្រធានគណៈកម្មាធិការសង្គមកិច្ច នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង នៅវិមានរដ្ឋសភា ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូនបន្ថែមទៀត ។
ក្នុងជំនួបពិភាក្សា លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូមកកាន់ ព្រះរាជាណាចក្រកម្ពុជា នាពេលនេះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងចំណងសាមគ្គីភាព រវាងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងធ្វើការផ្លាស់ប្តូរ គណៈប្រតិភូគ្នាទៅវិញទៅមក លើវិស័យសង្គមកិច្ច វិស័យទេសចរណ៍ និងគៀងគរវិនិយោគិនមកបណ្តាក់ទុន ។
ក្នុងឱកាសនោះ ឯកឧត្តម Huang Li បានលើកឡើងអំពីវិស័យសង្គមកិច្ច និងវិស័យការងារនៅក្នុងខេត្តក្វាងទុងក្នុងនោះវិស័យសង្គមកិច្ច គឺការថែទាំមនុស្សចាស់ បានធ្វើឡើងតាមរយៈមជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងនៅតាមគេហដ្ឋាន ។ ដោយឡែកចំពោះវិស័យការងារ វិញបានជួបនូវបញ្ហា ប្រឈមជាច្រើន ដោយសារប្រជាពលរដ្ឋអត់មានការងារធ្វើមានចំនួនកើនឡើង នឹងមានប្រជាពលរដ្ឋមួយចំនួនបានចាប់យកការងារផ្នែកលក់ និងដឹកជញ្ជូនទំនិញតាមអនឡាញ ។
បន្ទាប់ពីបានស្ដាប់ការលើកឡើង របស់ប្រធានគណៈប្រតិភូ សភាតំណាងប្រជាជនចិនខេត្តក្វាងរួចមក លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ ជម្រាបជូនគណៈប្រតិភូអំពីវិស័យសង្គមកិច្ចនៅកម្ពុជាក្នុងនោះការថែរក្សាមនុស្សចាស់ភាគច្រើនមាននៅតាមគេហដ្ឋាន ដែលជាកាតព្វកិច្ចរបស់គ្រួសារ ដោយមនុស្សចាស់ម្នាក់ត្រូវទាមទារឱ្យមានអ្នកថែទាំម្នាក់ដែរ ។ លោកជំទាវបានបន្តថា បច្ចុប្បន្ននេះនៅកម្ពុជាមិនទាន់មានមជ្ឈមណ្ឌល សម្រាប់ថែទាំ មនុស្សចាស់ឱ្យត្រូវតាមស្តង់ដារនៅឡើយទេ ។ ដោយឡែកចំពោះចាស់ព្រឹទ្ធាចារ្យមានចំនុចជាច្រើន សម្រាប់ធ្វើជាគំរូល្អដល់ក្មេងជំនាន់ក្រោយ ដោយតម្រូវឱ្យមានការរៀបចំរចនាសម្ព័ន្ធការងារ ការជួបជុំគ្នាជាអន្តរជំនាន់ដើម្បីដោះស្រាយ ការងារស្ម័គ្រចិត្តនៅតាមមូលដ្ឋាន ការចូលរួមអប់រំ រៀនសូត្រ និងចែកចំណេះដឹងតាមសហគមន៍ និងផ្តល់ចក្ខុវិស័យសេវា និងមូលដ្ឋាន បង្កើតក្លិបហាត់ប្រាណ ក្រុមសមាធិ និងវិប្បសន្នា ។ ម្យ៉ាងទៀតត្រូវមានការគាំទ្រដល់ការរស់នៅប្រកបដោយភាពថ្លៃថ្នួរដល់មនុស្សចាស់ និងប្រែក្លាយគាត់ជាបណ្ណាល័យដ៏សំបូរធនធាន និងបទពិសោធន៍ ។ ចំពោះវិស័យការងារនៅកម្ពុជាក្នុងអណ្ណតិទី៧នេះ ក្រោមផ្កាដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដែលមានចំនុចមួយចំនួនត្រូវនឹងជំនាញរបស់គណៈកម្មការទី៨ នៃរដ្ឋសភាគឺផ្តល់អាទិភាពបណ្តុះបណ្តាល វិជ្ជាជីវៈដល់យុវជនក្រីក្រចំនួន១,៥លាននាក់ និងឧបត្ថម្ភថវិកាចំនួន ២៨មុឺនរៀល ដើម្បីឱ្យហ្វឹកហ្វីនក្លាយទៅជាកម្មករជំនាញដែលជាជាកំលាំងទាក់ទាញ និងផ្តល់ឱកាសឱ្យវិនិយោគិនចិនឱ្យមករកសុី បណ្តាក់ទុននៅកម្ពុជា ។ ជំរុញឱ្យមានការគ្របដណ្តប់សុខភាពជាសកល ការពង្រឹងប្រព័ន្ធ របបសន្តិសុខសង្គមជួយដល់អ្នករកសុីក្រៅប្រព័ន្ធទទួលសេវាថែទាំសុខភាពដោយមិនគិតថ្លៃ ប៉ុន្តែត្រូវបង់ថវិកាមុនចំនួន ១៥ ៦០០ រៀលជារៀងរាល់ខែ ។ លោកជំទាវ ឡោក ខេង បានគូសបញ្ជាក់ផងដែរថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភប្រព័ន្ធគាំពារជាច្រើនដល់ជនក្រីក្រ ស្ត្រីមានផ្ទៃពោះ និងនៅតាមសហគមន៍គ្រួសារក្រីក្រផងដែរ តាមរយៈយន្តការណ៍ជាច្រើនរបស់ក្រសួងដោយបានដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់ ។ ដោយឡែកចំពោះការលក់ឥវ៉ាន់ និងការដឹកជញ្ជូនតាមអនឡាញនៅកម្ពុជាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ។
ជាការឆ្លើយតប ឯកឧត្តម Huang Li បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកជំទាវឡោក ខេង ដែលបានចែករំលែកបទពិសោធន៍ជួយផ្តល់នូវគំនិត និងយុទ្ធសាស្ត្រមួយចំនួនសម្រាប់ដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងស្នើរឱ្យមានការផ្លាស់ប្តូគណៈប្រតិភូគ្នាទៅវិញទៅមកផងដែរ ៕