ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់ សុធី __ ឯកឧត្តម ជាម ប៉េអា អញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្ដម ស៊ី ហុងឆាយ (XU HONGCAI)ទៅមាតុប្រទេសវិញ __ អគាររដ្ឋសភាថ្មីចំណាយថវិកាសាងសង់អស់ប្រមាណ២៥លានដុល្លារសហរដ្ឋអាមេរិក គ្រោងសម្ពោធនៅថ្ងៃទី២១ ខែវិច្ឆិកានេះ __ ព័ត៌មានវីដេអូ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ របៀបវារៈទី១១៖ ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី​ ... __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕ ជំនួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍លើវិស័យនីតិកម្ម និងយុត្តិធម៌ រវាងសមាជិករដ្ឋសភាកម្ពុជា ជាមួយសមាជិករដ្ឋសភាកូរ៉េ __

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម អង្គ វង្ស វឌ្ឍានា៖ ការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរបស់កម្ពុជា -ចិននឹងក្លាយជាកម្លាំងចលករ និងថាមពលថ្មីមួយបន្ថែមទៀត ដល់ភាគីទាំងពីរ
ឯកឧត្តម អង្គ វង្ស វឌ្ឍានា៖ ការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរបស់កម្ពុជា -ចិននឹងក្លាយជាកម្លាំងចលករ និងថាមពលថ្មីមួយបន្ថែមទៀត ដល់ភាគីទាំងពីរ
Prepaired By: NA002 ​ Date: (11/19/2024 5:45:53 PM )

នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤  ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង ចិនជាំង (Wang Zhenjiang ) អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យនីតិកម្ម និងយុត្តិធម៌ នៅវិមានរដ្ឋសភា។

ឯកឧត្តម អង្គ វង្ស វឌ្ឍនា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Wang Zhenjiang និងសហការី មកកាន់ប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានលើកឡើងថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ជាប្រវត្តិសាស្ត្រតាំងពីយូរលង់ គឺមានតាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយបន្តពូនជ្រុំពង្រឹងនិងពង្រីក ដោយថ្នាក់ដឹកនាំជំនាន់ក្រោយ។ ការផ្លាស់ប្តូរទស្សនកិច្ចរបស់ភាគីទាំងពីរនឹងក្លាយជាកម្លាំងចលករ និងថាមពលថ្មីមួយថែមទៀត ដល់មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសសម្រេច បាននូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី មានកម្រិតខ្ពស់ ស្តង់ដារខ្ពស់គុណភាពខ្ពស់ តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតលើវិស័យ អាទិភាពចំនួន ៦ រួមមាន នយោបាយ, ផលិតកម្ម, កសិកម្មថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន នឹងនាំមកនូវលទ្ធផលជាក់ស្តែងដល់សេដ្ឋកិច្ចនិងប្រជាជន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបជូនឯកឧត្តម Wang Zhenjiang អំពីរចនាសម្ព័ន្ធស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរដ្ឋសភា និងព្រឹទ្ធសភា និងអាណត្តិការងាររបស់សភាទាំង២ ហើយរដ្ឋសភាមានអគ្គលេខាធិការដ្ឋានមួយសម្រាប់បំពេញមុខងាររដ្ឋបាល និងផ្តល់ សេវាកម្មបច្ចេកទេសជូនសមាជិករដ្ឋសភា។ ឯកឧត្តម អង្គ វង្ស វឌ្ឍនា បានបន្តថារយៈពេលជាង៦នីតិកាលកន្លងមកនេះ រដ្ឋសភាកម្ពុជា បានអនុម័តច្បាប់សរុបចំនួន ៦៦១ ច្បាប់ ក្នុងនោះបានតាក់តែង និងអនុម័តរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ បន្ទាប់មកបានតាក់តែង និងអនុម័តក្រមធំៗចំនួន ៥ គឺក្រមព្រហ្មទណ្ឌ ក្រមនីតិ វិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ក្រមបរិស្ថាន ដែលជាច្បាប់គោល និងជាមូលដ្ឋានគ្រឹះសំរាប់ពង្រឹងការដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ ។ ឯកឧត្តមបានលើកឡើងបន្ថែមថា ទន្ទឹមនឹងទំនាក់ទំនងដ៏ជិតស្និតក្នុងវិស័យសង្គម-សេដ្ឋកិច្ច និងវប្បធម៌, ការជួបពិភាក្សាក្នុងវិស័យនីតិកម្ម និងយុត្តិធម៌ ក៏ជាកិច្ចការសំខាន់មួយទៀត សម្រាប់ស្វែងយល់ពីប្រព័ន្ធច្បាប់របស់ប្រទេសនីមួយៗឱ្យកាន់តែច្បាស់ សំដៅពង្រឹងទំនាក់ទំនង និងជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ជាពិសេសសម្រាប់អ្នកវិនិយោគ។

ជាការឆ្លើយតប ឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅនូវដំណើរទស្សកិច្ចរបស់គណៈប្រតិភូចិនមកព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិនគោរពជូនឯកឧត្តមប្រធានគណៈកម្មការទី៦នៃរដ្ឋសភា ដែលឯកឧត្តមតែងតែគាំទ្រចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏ដូចជាក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃសាធារណប្រជាមានិតចិន។ ឯកឧត្តម Wang Zhenjiang ក៏បានឯកភាពផងដែរថា ទំនាក់ទំនងមិត្តភាពរបស់កម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេស ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាជាមិត្តពិតប្រាកដ  និងស្មោះស្ម័គ្ររបស់ចិនយូរណាស់មកហើយ។ ឯកឧត្តម Wang Zhenjiang បានបន្ថែមថា ទំនាក់ទំនងល្អ និងរឹងមាំរវាងកម្ពុជា-ចិន ធ្វើឱ្យមានការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ និងការសិក្សាយល់ដឹងពីគ្នាឱ្យបានកាន់តែច្រើន។ ក្នុងន័យនេះ ឯកឧត្តម Wang Zhenjiang បានបង្ហាញនូវគោលជំហរដ៏រឹងមាំរបស់ក្រសួងយុត្តិធម៌ចិនក្នុងការបង្កើតយន្តការសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសនៅតំបន់មេគង្គ-ឡានឆាង។

មុននឹងបញ្ចប់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រំពឹងទុកថា កិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម និងយុត្តិធម៌រវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅ ហើយរដ្ឋសភាកម្ពុជា ត្រៀមលក្ខណៈជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋប្រជាមានិតចិនពាក់ព័ន្ធនឹងកិច្ចការងារនេះ។ ចំណែកឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕