សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមនិងអាស៊ាននឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយ__ សេចក្តីសម្រេច​ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា​ ក្នុងនីតិកាលទី៧​ នៃរដ្ឋសភា__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ ការជួបជុំគ្រួសារកាកបាទក្រហមអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពលជាកម្លំាងមនុស្សធម៌ជួយពលរដ្ឋរងគ្រោះ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមអម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមពិធីដាំដើមឈើ ជាមួយយុវជននៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន
រដ្ឋសភាប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (5/30/2023 1:47:21 AM )

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិកា រដ្ឋសភា ពេល ចាប់ផ្តើមសម័យប្រជុំ ចំនួន ១០០រូប។

សម័យប្រជុំលើកទី៩ នីតិកាលទី៦ បានធ្វើការពិភាក្សា និងអនុម័តរបៀបវារៈចំនួន២គឺ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និង សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។

សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់ៗគឺ លិខិតបទដ្ឋានគតិយុត្តក្នុង វិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍ នៃ សង្គម។ សេចក្តីព្រាងក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យ នៃបទប្បញ្ញត្តិ ច្បាប់មួយចំនួនដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយបញ្ហាដែលមានដែនសមត្ថកិច្ច ត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួល រវាងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំង លើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។

សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ មាន ១២គន្ថី និង៨៦៥មាត្រា។ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សា សេចក្តីព្រាងក្រម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាង- ក្រម។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោលបំណង ពង្រឹងការតភ្ជាប់ សេដ្ឋកិច្ច និងផ្ដល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើ ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ច កាន់តែទូលំទូលាយ។ កាត់បន្ថយការរឹត- ត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម និងបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលអាចព្យាករណ៍បាន ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេស ជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម។ កាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវ សមភាព តុល្យភាព និងនិរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មាន ២មាត្រា។ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

បន្ទាប់ពីបានជជែកពិភាក្សាគ្នាទៅលើគន្ថីនីមួយៗនៃសេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិក៏ដូចជាការពិភាក្សាលើមាត្រានីមួយៗ នៃសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន អង្គសភាបានធ្វើការអនុម័ត ដោយមាន សំឡេងគាំទ្រជាឯកច្ឆន្ទ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន