ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ឯកឧត្តម Jae ill Byun សមាជិកសភា នៃសាធារណៈរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹក នៃសភាអាស៊ី អំពី «គម្រោងសុខុមាលភាព- ទឹក» នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ ៥០០នាក់ ដោយ ៤០០នាក់ មកពីក្រុងស្ទឹងសែន ១០០នាក់ មកពីរឃុំ គឺឃុំព្រែកគុយ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទាក់ទងនឹង គម្រោងទឹកស្អាត។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា ឯកឧត្តម អ៊ុន ប៊ុនហាន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជំទាវ លឹម ផល្លា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ព្រមទាំង ឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ងួន រាសី បានជម្រាបជូន អំពីស្ថានភាពទូទៅនៅក្នុងខេត្ត ដោយខេត្តកំពង់ធំ មានចម្ងាយ១៦៨គីឡូម៉ែត្រពី រាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប។ ចំពោះការផ្គត់ផ្គង់ ទឹកស្អាត គឺប្រជាពលរដ្ឋប្រើប្រាស់ទឹកពីអង្គភាពរដ្ឋាករទឹកកំពង់ធំ ដែលជាស្ថាប័នរបស់រដ្ឋ និងពីរោងចក្រប្រព្រឹត្តកម្មក្រុងស្ទឹងសែនទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
ឯកឧត្តមអភិបាលរងខេត្តបន្តថា ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ផែនការឱ្យរដ្ឋាករទឹកស្អាត ពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅ- កាន់ឃុំថ្មីបន្ថែម២ឃុំទៀត គឺឃុំព្រែកគុយ និងឃុំត្រពាំងឫស្សី ស្ថិតក្នុងស្រុកកំពង់ស្វាយ ជាប់ក្រុងស្ទឹងសែនដែលមានប្រជាជនប្រមាណ ៥០០០គ្រួសាររស់នៅទីនោះ។
ឯកឧត្តម Joe ill Byun បានមានប្រសាសន៍ថា នេះជាលើកទី៣ហើយដែលឯកឧត្តមបានមកកាន់ប្រទេសកម្ពុជា ជាពិសេស ឯកឧត្តម មានការភ្ញាក់ផ្អើល ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ ឯកឧត្តម លើកឡើងទៀតថា ឯកឧត្តមនឹងខិតខំ ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។ ចំពោះគម្រោងទឹកស្អាតគឺជា គោលដៅដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍប្រទេសដោយចីរភាព ជាពិសេសគឺជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រកបដោយ សេចក្តីថ្លៃថ្នូរ មានសន្តិភាព សិទ្ធិមនុស្ស និងការអប់រំ។ ដោយឡែក ក្នុងកិច្ចសហការរវាងសភានៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា គម្រោងទឹកស្អាតនេះនឹងរួមចំណែកក្នុងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ និងផ្តល់សេវាអនាម័យ ទឹកស្អាតជូនប្រជាជនដែលងាយរងគ្រោះក្នុងតំបន់នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណដល់មិត្តកូរ៉េដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់ប្រទេស កម្ពុជា នូវជំនួយផ្សេងៗជាច្រើនដូចជា បង្កើតគម្រោងទឹកស្អាត បង្កើតសាលារៀនសម្រាប់បណ្តុះបណ្តាលដល់សិស្ស និស្សិត ដើម្បី បង្កើនធនធានមនុស្ស រួមចំណែកធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន។ ទាំងអស់នេះ គឺកើតចេញពីប្រទេសជាតិមានសុខ សន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ មួយវិញទៀត មនុស្សយើងម្នាក់ៗអាចរស់នៅដើម្បី មានសុខភាពល្អ គឺអាស្រ័យលើការរស់នៅស្អាត ហូបស្អាត ជាពិសេសអ្វីដែលយើងទាំងអស់គ្នាមិនអាចខ្វះបានគឺទឹកស្អាត។
ចំពោះគម្រោងទឹកស្អាតសម្រាប់ផ្គត់ផ្គង់ប្រជាជនចំនួន ៥០០០គ្រួសារ ដែលរស់នៅក្នុងឃុំទាំងពីរខាងលើ ឯកឧត្តមជឿជាក់ថា មិត្តកូរ៉េ នឹងជួយដល់គម្រោងផ្គត់ផ្គង់ទឹកស្អាតជូនដល់ឃុំទាំងពីរនេះក្នុងពេលឆាប់ៗនេះផងដែរ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន