ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកអង្គសិក្ខាសាលាស្តីពី ការផ្តល់ភាពអង់អាចដល់យុវជន៖ ការអប់រំ ការងារ និងសុខភាពបន្តពូជ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកអង្គសិក្ខាសាលាស្តីពី ការផ្តល់ភាពអង់អាចដល់យុវជន៖ ការអប់រំ ការងារ និងសុខភាពបន្តពូជ
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/26/2023 11:18:05 PM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជា ប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ បើកអង្គសិក្ខាសាលាស្តីពី ការផ្តល់ភាពអង់អាចដល់យុវជន៖ ការអប់រំ ការងារ និងសុខភាពបន្តពូជ ដែលបានរៀបចំ ឡើងនៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះដំណើរការរយៈពេល១ថ្ងៃ ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង១៧ល្ងាច ដែលរៀបចំឡើងក្រោមកិច្ចសហការ រវាងវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍន៍ (អេ.អេហ្វ.ភី.ភី.ឌី) សមាគមអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍន៍(អាប់ដ) រដ្ឋសភាកម្ពុជា សមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) សហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាស្ថាន សភាអាស៊ី និងមានការគាំទ្រចូលរួមពី ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ អង្គការអាយឡូ អង្គការ- យូអេនវូមែន អង្គការរ៉ាក់ បណ្ឌិតសភាបច្ចេកវិទ្យា និងមជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា ដែលមានអ្នកចូលរួមដោយផ្ទាល់នៅកម្ពុជា និងទាំងតាម រយៈអនឡាញសរុបប្រមាណ២០០នាក់ មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ឯកឧត្តមសាស្ត្រាចារ្យ Keizo Takemi ប្រធានវេទិកាសមាជិកសភាអាស៊ីប៉ាស៊ីហ្វិក (AFPPD) បានមានប្រសាសន៍ស្វាគមន៍អង្គសិក្ខា- សាលាតាមរយៈអនឡាញ ដោយបានលើកឡើងពីសារៈសំខាន់ នៃតួនាទីរបស់យុវជន និងថាសភាមានតួនាទីសំខាន់នៅក្នុងការជួយ- ជំរុញយុវជនដើម្បីអោយពួកគេសម្រេចបាននូវសក្ដានុពលរបស់ខ្លួន នៅក្នុងការងារ ការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់សហ- គ្រិនភាព និងការលើកកម្ពស់ភាពអង់អាចដល់យុវជនក្នុងវិស័យនយោបាយជាដើម។

ថ្លែងបើកអង្គសិក្ខាសាលា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការផ្តល់ភាពអង់អាចដល់យុវជន៖ ការអប់រំ ការងារ និងសុខភាពបន្តពូជ គឺជាប្រធានបទដ៏មានសារៈសំខាន់សម្រាប់ក្មេងជំទង់ និងយុវជន ដែលចាំបាច់ត្រូវយល់ដឹងបន្ថែមទៀត ពីព្រោះថាបញ្ហាទាំងនេះ មានឥទ្ធិពលពេញមួយជីវិតរបស់ពួកគាត់តែម្តង។ ម្យ៉ាងវិញទៀត យើងគួរកត់សម្គាល់ផងដែរថា ប្រធានបទ ដែលបានលើកឡើងនេះ ក៏ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមានគោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព និងគោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ទៀតថា យើងម្នាក់ៗប្រាកដជាបានដឹងច្បាស់ពីសារប្រយោជន៍នៃការអប់រំ និងការងារ ដែលផ្តល់ជាពុទ្ធិ និងបណ្តុះជាគំនិត សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងការត្រៀមខ្លួនសម្រាប់ការចាប់យក និងផ្គូផ្គងអាជីព ការងារសមស្របផងដែរ។ ស្របពេលនេះដែរ ការយល់ដឹងទូលំទូលាយអំពីសុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និង សិទ្ធិជាកាតាលីករមួយដ៏សំខាន់ដើម្បីជួយដល់យុវជន ក្នុងការបង្ការហានិភ័យសុខភាពផ្លូវភេទដែលអាចកើតមាន ហើយអាចផ្តល់ផល ប៉ះពាល់ទៅដល់ការសិក្សា និងអនាគតរបស់ខ្លួន។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្ត- ទុកដាក់ចំពោះយុវជន និងបានចាត់ទុកយុវជន គឺជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន និងជាសសរទ្រូងនៃប្រទេសជាតិ ដោយរាជរដ្ឋា- ភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពី “ការអភិវឌ្ឍយុវជនកម្ពុជា ២០២២-២០២៦” ដែលបានកំណត់នូវយុទ្ធសាស្រ្ត សំខាន់ៗចំនួន១២ចំណុច និងបានកំណត់អាទិភាពចំនួន៤ រួមមាន ១.ការអប់រំ ២.សុខភាព និងសុខុមាលភាព ៣.ការងារ និងឱកាស  និង ៤.ការចូលរួម និងសមត្ថភាពស្ថាប័នក្នុងការសម្របសម្រួល ដែលអាទិភាពទាំងនេះសុទ្ធតែជាប្រធានបទនៃកិច្ចពិភាក្សារបស់សិក្ខាសាលា នាពេលនេះផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តល់ជូននូវអនុសាសន៍ ០៣ ចំណុច សម្រាប់អង្គសិក្ខាសាលាធ្វើការពីចារណាផងដែរ រួមមាន៖

១-សូមបន្តឱ្យមានការពិភាក្សាផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងឧត្តមានុវត្ត រវាងសមាជិកសភា នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយត្រូវ ចាត់ទុកប្រធានបទសិក្ខាសាលានេះ ជាដំណើរការឥតឈប់ឈរនៃបេសកកម្មរបស់ អេ.អេហ្វ.ភី.ភី.ឌី.។ ក្នុងន័យនេះ ការជួបជុំលក្ខណៈ កិច្ចពិភាក្សា ឬយន្តការបច្ចេកវិទ្យាព័ត៌មានគឺសុទ្ធតែអាចជួយឱ្យយន្តការសហប្រតិបត្តិការលើសសរស្តម្ភយុវជនកាន់តែមានថាមវន្ត។

២-សម្រាប់សមាជិកសភាពីបណ្តាប្រទេសរៀងៗខ្លួន សូមនាំយកលទ្ធផល នៃសិក្ខាសាលានេះ ធ្វើជាមូលដ្ឋាន នៃការពិចារណា ដើម្បី រៀបចំតាក់តែងឧបករណ៍គតិយុត្ត និងគោលនយោបាយដែលសមស្របទៅតាមបរិបទនៃប្រទេសរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ នៃ មនុស្សជាតិ ជាពិសេសក៏អាចយកមកប្រើប្រាស់ក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី និងពហុភាគីបន្ថែមទៀតផងដែរ។

៣-ជាចុងក្រោយ ស្នើបណ្តាដៃគូអភិវឌ្ឍ និងស្ថាប័នស្រាវជ្រាវ ដែលមានវត្តមាននៅទីនេះ សូមឱ្យជួយបន្តសហការជាមួយស្ថាប័ន នីតិប្បញ្ញត្តិ ក្នុងការលើកកម្ពស់តួនាទីរបស់សភា ពាក់ព័ន្ធនឹងការតាមដានត្រួតពិនិត្យ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និយាយជារួម និងលើវិស័យពាក់ព័ន្ធនឹងការអប់រំ ការងារ និងសុខភាពរបស់យុវជន និយាយដោយឡែក តាមរូបភាពជាការផ្តល់ធាតុចូល ជារបាយការណ៍ស្រាវជ្រាវ អនុសាសន៍គោលនយោបាយ ក៏ដូចជាការរៀបចំវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ ដូចអ្វីដែលយើងបានធ្វើ ក្នុងសិក្ខាសាលានេះជាដើម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន