សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
Prepaired By: NA1472 ​ Date: (4/25/2022 7:39:57 PM )

អន្តរគណៈកម្មការនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានស្តីទីគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានជួប ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាង- ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គប្រជុំអំពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ ដែលកម្ពុជាអាច ទទួលបាន នៅពេលច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចូលជាធរមាន ដែលរួមមាន៖

-បង្កើតបាននូវយន្តការគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារនៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម និងធានាថា ផលិតផលម្ហូប អាហារដែលចរាចរនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

-កំណត់លក្ខខណ្ឌតម្រូវជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅ ធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែក យ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

-ជំរុញឱ្យមានការអនុវត្តនូវវិធានការអនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេស ស្របតាមលក្ខខណ្ឌតម្រូវ នៃ ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ដែលជាវិធានការប្រកបដោយប្រសិទ្ធភាព សម្រាប់កម្ពុជារៀបចំប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់ខ្លួន ដោយផ្អែកតាមគោលការណ៍អភិក្រមហានិភ័យ ដើម្បីទាក់ទាញការវិនិយោគ ជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ និង ធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ជូនអង្គប្រជុំអំពីលក្ខណៈពិសេសនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារថា គឺជាការទទួលខុសត្រូវរួម និងមាន លក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្រប- សម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាព នៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។ សេចក្តីព្រាងច្បាប់នេះ នឹងបង្កលក្ខណៈ ឱ្យប្រទេសកម្ពុជា រៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និង ការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្មប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច។ សេចក្ដីព្រាងច្បាប់នេះ នឹងអនុញ្ញាតឱ្យ កម្ពុជាអាចទទួលយកនូវស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីកំណត់ជាបទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវម្ហូបអាហារ ដើម្បីអនុវត្តនៅ តាមខ្សែចង្វាក់ផលិតកម្មម្ហូបអាហារទាំងមូល ចាប់ពីដំណាក់កាលផលិតដំបូង ការកែច្នៃ ការដាក់លក់ រហូតដល់ការប្រើប្រាស់ចុងក្រោយ ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក។

នៅក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា ប្រធានស្តីទីគណៈកម្មការទី៩នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងខិតខំអនុវត្តភារកិច្ចយ៉ាងសកម្មក្នុងការអនុវត្ត នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្ដមបានលើកឡើងដែរថា ការអនុវត្តដោយពេញលេញនូវច្បាប់នេះនឹងបង្កើតឱ្យមានលំហូរសេរីនៃទំនិញ សេវាកម្ម និងការវិនិយោគ ដើម្បីស្រូបយកអាជីវកម្ម អ្នកជំនាញ ទេពកោសល្យ និងលំហូរនៃដើមទុនដោយសេរី។

ឯកឧត្តមប្រធានស្ដីទីគណៈកម្មការទី៩នៃរដ្ឋសភា ក៏បានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីបានស្ដាប់ការពន្យល់បកស្រាយរបស់ក្រសួង ជំនាញរួចហើយនេះ គណៈកម្មការរដ្ឋសភាបានឯកភាពសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន