វិមានរដ្ឋសភា៖ សិស្សមកពីវិទ្យាល័យជាតិបាត់ដំបង ចំនួន ៨៣ នាក់ និងនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១៥០ នាក់រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានមកធ្វើទស្សនកិច្ចសិក្សានិងស្វែងយល់ពីការងារនិងតួនាទីស្នូលរបស់រដ្ឋសភា។
នៅក្នុងឱកាសនោះ លោក សឿ សុវណ្ណភាជន៍ អនុប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងមតិស្វាគ មន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់គណៈប្រតិភូសិស្ស-និស្សិត និងលោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅវិមានរដ្ឋសភានាពេលនេះ។
ជាការឆ្លើយតប លោក ឯម ដារ៉ា និងលោក មុយ ច័ន្ទភត្រា តំណាងដឹកនាំគណៈប្រតិភូសិស្ស និងនិស្សិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានអនុញ្ញាត និងផ្តល់ឱកាសដ៏មានតម្លៃដល់ប្អូនៗសិស្ស-និស្សិត បានចូលសិក្សាស្វែងយល់ និងក្រេបជញ្ជក់ចំណេះដឹងដ៏សំខាន់មួយនេះ។
ឯកឧត្តម កៃ កេតនិន អគ្គនាយកនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើបទបង្ហាញស្តីពី “រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់រដ្ឋសភា” ជូនសិស្សនិស្សិតមកពីវិទ្យាល័យនិងសាកលវិទ្យាល័យទាំងពីរ។
ឯកឧត្តមបានពន្យល់យ៉ាងក្បោះក្បាយអំពីភារកិច្ចស្នូលទាំង ៣ របស់តំណាងរាស្ត្រ រួមមាន៖
-មុខងារនីតិកម្ម៖ ការពិភាក្សា និងអនុម័តច្បាប់។
-មុខងារតាមដានការអនុវត្តច្បាប់៖ ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ។
-មុខងារភាពជាតំណាង៖ ការចុះមូលដ្ឋានជាប់ជាប្រចាំ ដើម្បីជួយដោះស្រាយសំណូមពរ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងការងារការទូត សភាដែលទំនាក់ទំនងជាមួយនឹងសភាអន្តរជាតិ។
បន្ទាប់ពីបានស្តាប់ការពន្យល់ណែនាំ និងការធ្វើបទបង្ហាញយ៉ាងលម្អិតអំពីប្រព័ន្ធការងារ និងរចនាសម្ព័ន្ធរបស់ស្ថាប័ននីតិប្បញ្ញត្តិរួចមក គណៈប្រតិភូ និងប្អូនៗសិស្ស-និស្សិតទាំងអស់ ក៏បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ដោយផ្ទាល់ នៅតាមទីតាំងសំខាន់ៗនៅក្នុងវិមានរដ្ឋសភា រួមមានសាលប្រជុំពេញអង្គរដ្ឋសភា និងសាលពិព័រណ៍ ដើម្បីសិក្សាបន្ថែមពីប្រវត្តិសាស្ត្រ សមិទ្ធផល ក៏ដូចជាសកម្មភាពការងារជាក់ស្តែងរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕