វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការសហប្រជាជាតិ (UN) តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលបានជួយធ្វើជាស្ពានសម្របសម្រួលក្នុងការបញ្ជូនសារ និងសំបុត្រសាកសួរសុខទុក្ខរវាងក្រុមគ្រួសារ និងកងទ័ពកម្ពុជាទាំង ១៨ នាក់ ដែលត្រូវបានភាគីថៃឃាត់ខ្លួននាពេលកន្លងទៅ។
ក្រៅពីបំពេញតួនាទីជាស្ពានមនុស្សធម៌ UNHCR ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់ ឱ្យមានសេរីភាពឡើងវិញផងដែរ។
ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែល សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ។
សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា សកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ បានដក់ជាប់ក្នុងចិត្តរបស់ក្រុមគ្រួសារកងទ័ព ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ ការទទួលបានព័ត៌មានសុខទុក្ខពីគ្នាទៅវិញទៅមក គឺជាកម្លាំងចិត្តដ៏សំខាន់បំផុតសម្រាប់ទាហានដែលកំពុងជាប់ឃុំឃាំងក្នុងនាមជាចំណាប់ខ្មាំង ឱ្យមានស្មារតីរឹងមាំ ចំណែកឯក្រុមគ្រួសារដែលកំពុងទន្ទឹងរង់ចាំនៅឯផ្ទះ ក៏មានក្តីសង្ឃឹមជានិច្ចក្នុងការបានជួបជុំស្វាមី និងសាច់ញាតិរបស់ពួកគេឡើងវិញ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់អំពីកិច្ចអន្តរាគមន៍ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្រើប្រាស់រាល់យន្តការការទូត និងនយោបាយគ្រប់ច្រកល្ហក ដើម្បីចរចា និងជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំងអស់ឱ្យវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានយកចិត្តទុកដាក់ស្វះស្វែង និងផ្តល់ការគាំទ្រផ្នែកមនុស្សធម៌យ៉ាងជិតដិត ទាំងការឧបត្ថម្ភគាំទ្រស្បៀងអាហារ ថវិកា និងការផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារនៃកងទ័ពដែលកំពុងរង់ចាំនៅឯផ្ទះ ព្រមទាំងរៀបចំការជួយសង្គ្រោះនិងស្តារស្មារតីយុទ្ធជន ដែលបានវិលត្រឡប់មកវិញជាបន្តបន្ទាប់ផងដែរ។ ការរួមសហការគ្នាយ៉ាងស្អិតរមួតរវាងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជា និងស្ថាប័ន UNHCR គឺជាកត្តាគន្លឹះដែលនាំមកនូវជោគជ័យ និងការជួបជុំគ្នាឡើងវិញនេះ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានចាប់ខ្លួនកងទ័ពកម្ពុជាប្រមាណ ២០ រូប នៅតំបន់ព្រំដែន ពោលគឺត្រឹមតែជាង ៧ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាននៅម៉ោង ០០:០០ នាទី ថ្ងៃដដែល។
ក្រោយមក ភាគីថៃបានដោះលែងកងទ័ពកម្ពុជា ២ រូបដំបូងឱ្យត្រឡប់មកវិញ នៅថ្ងៃទី១ ខែសីហា ឆ្នាំ 2025 ដោយក្នុងនោះម្នាក់បានរងរបួសរាងកាយធ្ងន់ធ្ងរមិនអាចដើរបាន និងម្នាក់ទៀតរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង។ ដោយឡែក កងទ័ពកម្ពុជា ១៨ រូបផ្សេងទៀត ត្រូវបានភាគីថៃបន្តឃាត់ខ្លួនរហូតដល់មានកិច្ចព្រមព្រៀងដោះលែងឱ្យវិលត្រឡប់មក
មាតុភូមិវិញទាំងស្រុង ប្រកបដោយសុវត្ថិភាព នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ៕
