ខេត្តពោធិ៍សាត់៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភាដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ និងមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងឈ្វេងយល់អំពីសភាពការណ៍ទូទៅ វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តលើវិស័យសំខាន់ៗទាំង៤ ក្រោមសមត្ថកិច្ចរបស់គណៈកម្មការ។ លើសពីនេះ គឺដើម្បីប្រមូលមូលដ្ឋានព័ត៌មានយ៉ាងច្បាស់លាស់ដល់រដ្ឋសភា ក្នុងការរៀបចំកសាង និងអនុម័ត «ច្បាប់ស្តីពីសាសនា» នាពេលខាងមុខ។
បន្ទាប់ពីការស្តាប់របាយការណ៍លម្អិត អង្គប្រជុំបានបើកឱ្យមានការពិភាក្សា ដោះដូរយោបល់ និងឆ្លើយឆ្លងសំណួរ-ចម្លើយ យ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា។
ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការទី៧នៃរដ្ឋសភា បានផ្តល់អនុសាសន៍និងការណែនាំសំខាន់ៗតាមវិស័យដូចខាងក្រោម៖
-វិស័យធម្មការ និងសាសនា៖ ត្រូវទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ជំរុញការចុះបញ្ជីដីវត្តឱ្យបានលឿន ដើម្បីចេញប័ណ្ណកម្មសិទ្ធិ និងមានប្លង់ត្រឹមត្រូវ ងាយស្រួលដល់ការគ្រប់គ្រង ពង្រឹងការគ្រប់គ្រងច្បាប់សាងសង់ និងត្រូវទប់ស្កាត់ដាច់ខាតនូវរាល់ការសាងសង់សំណង់អនាធិបតេយ្យផ្សេងៗនៅក្នុងបរិវេណវត្ត។
-វិស័យអប់រំ យុវជន និងកីឡា៖ ត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំ បន្តលើកកម្ពស់ការអប់រំទាំងផ្នែកចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។
-វិស័យវប្បធម៌ និងវិចិត្រសិល្បៈ៖ត្រូវសហការជាមួយមន្ទីរជំនាញដើម្បីថែរក្សាសំណង់បុរាណ វត្ថុសិល្បៈ និងកេរដំណែលវប្បធម៌នានានៅក្នុងខេត្ត ពិសេសសំណង់ប្រវត្តិសាស្ត្រដែលស្ថិតក្នុងទីវត្តអារាម។
-វិស័យទេសចរណ៍៖ ត្រូវពង្រឹងការគ្រប់គ្រងបរិស្ថាន ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងកាកសំណល់ អនាម័យ និងការផ្តល់សេវាបដិសណ្ឋារកិច្ចឱ្យបានល្អជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការបង្កើតផលិតផលទេសចរណ៍កែច្នៃក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ៕





















