វិមានរដ្ឋសភា៖ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់លើការកសាងសមត្ថភាពមន្ត្រី រាជការនៃស្ថាប័ននីតិប្បញ្ញតិ ពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំបើកវគ្គបណ្តុះបណ្តាលលើកទី៤ ស្តីពី «ប្រវត្តិទំនាក់ទំនងអន្តរជាតិ» នៅវិមានរដ្ឋសភា។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការនៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា សរុបចំនួន ១១៦ នាក់។
ឯកឧត្តម ឡេង ប៉េងឡុង បានអញ្ជើញចែករំលែកបទពិសោធន៍ និងឧទ្ទេសនាមស៊ីជម្រៅ ដោយបានគូសបញ្ជាក់ថា ការសិក្សាអំពី ប្រវត្តិទំនាក់ទំនងអន្តរជាតិ គឺជាគ្រឹះដ៏សំខាន់មិនអាចខ្វះបាន ក្នុងការលើកកម្ពស់ចំណេះដឹង ព្រមទាំងពង្រីកទស្សនវិស័យរបស់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យដើរទាន់ការវិវត្តនៃនយោបាយសកល និងយន្តការការទូតសភា។
ខ្លឹមសារលម្អិតនៃវគ្គបណ្តុះ បណ្តាលលើកទី៤ នេះ បានផ្តោតលើការវិភាគ និងការឈ្វេងយល់ពីរបត់ប្រវត្តិសាស្ត្រសំខាន់ៗ ដែលបានកែប្រែទម្រង់សណ្តាប់ធ្នាប់ពិភពលោក ដូចជាឫសគល់ នៃរដ្ឋអធិបតេយ្យភាព,ការស្វែង យល់ពីមូលហេតុ ក៏ដូចជា ឫសគល់ នៃការបង្កើតសម្ព័ន្ធភាពយោធា និងផលវិបាកនៃសង្គ្រាម, ការប្រកួតប្រជែងមនោគមវិជ្ជានយោបាយ ,សកលភាវូបនីយកម្ម និងពហុភាគីនិយមជាដើម។
បន្ថែមពីលើទិដ្ឋភាពប្រវត្តិសាស្ត្រ វគ្គបណ្តុះបណ្តាលក៏បានចែករំលែកទស្សនទានគន្លឹះសំខាន់ជាច្រើនដល់សិក្ខាកាម នូវទ្រឹស្តីគោលសំខាន់ៗនៃទំនាក់ទំនងអន្តរជាតិ ដែលផ្តោតលើអំណាច និងផលប្រយោជន៍ជាតិ ,ច្បាប់អន្តរជាតិ ស្ថាប័នពហុភាគី និងការចរចាការទូតក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោកជាដើម។
គួររំលឹកដែរថាវគ្គបណ្តុះបណ្តាល នេះបានផ្តល់ឱកាសល្អជាច្រើន ដល់មន្ត្រីរាជការនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា ក្នុងការដុសខាត់សមត្ថភាពវិភាគ និងការយល់ដឹងអំពីបរិបទនយោបាយអន្តរជាតិស៊ីជម្រៅ។ ចំណេះដឹងទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាទុនគំនិតយុទ្ធសាស្ត្រ សម្រាប់គាំទ្រដល់ការបំពេញភារកិច្ចស្នូលរបស់ថ្នាក់ដឹកនាំរដ្ឋសភា ក្នុងការងារទំនាក់ទំនងអន្តរជាតិ និងការចូលរួមលើកកម្ពស់ឧត្តមភាពកម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕