(វិមានរដ្ឋសភា)៖ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញសរសេររបាយការណ៍ និងកំណត់ហេតុ» ជូនដល់សិក្ខាកាមជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន ៦០រូប។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងចំនួន ២លើក (លើកទី១ នៅថ្ងៃទី២០ ខែឧសភា និងលើកទី២ នៅថ្ងៃទី២៧ ខែឧសភា) ដោយមានការដឹកនាំ និងឧទ្ទេសនាមផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព លើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមផែនការនៃការធ្វើទំនើបកម្មរដ្ឋបាលរដ្ឋសភា ឱ្យកាន់តែមានតម្លាភាព វិជ្ជាជីវៈ និងគណនេយ្យភាពខ្ពស់។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ដែលជាគ្រូឧទ្ទេសផ្ទាល់ បានផ្តល់អនុសាសន៍ និងគន្លឹះសំខាន់ៗ ដោយបានសង្កត់ធ្ងន់ថា៖
«របាយការណ៍ គឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការតាមដានវឌ្ឍនភាពការងារ គ្រប់គ្រងកាលបរិច្ឆេទកំណត់ និងជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ទិន្នន័យច្បាស់លាស់ ជូនថ្នាក់ដឹកនាំដើម្បីធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ»។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់បន្ថែមអំពីគន្លឹះសំខាន់ៗក្នុងការសរសេរថា អ្នកសរសេរត្រូវតែក្ដោបន័យ និងចាប់យកខ្លឹមសារស្នូលនៃប្រធានបទ ឬកិច្ចប្រជុំឱ្យបានច្បាស់លាស់។ អ្វីដែលជាចំណុចចាំបាច់បំផុតនោះ គឺអ្នកសរសេរត្រូវតែយល់ដឹងពីសាវតា (Background) ដែលពាក់ព័ន្ធនឹងសាច់រឿងឱ្យបានស៊ីជម្រៅ មុននឹងចាប់ផ្តើមសរសេរ ដើម្បីធានាបាននូវគុណភាព និងភាពត្រឹមត្រូវនៃរបាយការណ៍ទាំងស្រុងផងដែរ៕
























