ភ្នំពេញ៖ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ តំណាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ហុងគ្រី នារាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំអាហារសាមគ្គីជូន ឯកឧត្តម ទីប័រ បាឡូកឌី (H.E. Mr. Tibor Baloghdi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
ពិធីអាហារសាមគ្គីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ដុំ យុហៀន, ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥, ឯកឧត្តម ឆេង គីមឡុង ទីប្រឹក្សារដ្ឋសភា និងលោកជំទាវ លឹម ស្រីណិត អគ្គនាយករង អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ នៅភោជនីយដ្ឋានក្រវាញ រាជធានីភ្នំពេញ។
ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនៃអាហារសាមគ្គីនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹងពង្រីក និងធ្វើយ៉ាងណាឱ្យចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងគ្រី កាន់តែរឹងមាំនិងមានសក្តានុពលបន្ថែមទៀតនាពេលអនាគត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងពីរ ព្រមទាំងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-ហុងគ្រី។
សូមជម្រាបជូនថា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជានេះ, ឯកឧត្តម ទីប័រ បាឡូកឌី (H.E. Mr. Tibor Baloghdi) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហុងគ្រី ប្រចាំកម្ពុជា បានចូលជួបសម្តែងគួរសម និងជម្រាបលាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕