ខេត្តកំពង់ចាម៖ នាល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកស្រី ខេន ចិន្ដា មេឃុំមេសរជ្រៃ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៥៥ ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នៅក្នុងពិធីនេះដែរ លោកជំទាវតំណាងរាស្ត្រ ក៏ត្រូវបានរួមដំណើរជាមួយ លោក ស៊ិន សុខុន ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ និងសហការី លោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងសហការី ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការជុំវិញសាលាស្រុកស្ទឹងត្រង់ជាច្រើនរូបទៀត។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកជំទាវ កុល ធារិន និងប្រតិភូអមដំណើរ បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់រូប លោកស្រី ខេន ចិន្តា ដែលជាថ្នាក់ដឹកនាំមូលដ្ឋានមួយរូបដ៏សកម្ម និងមានស្នាដៃល្អក្នុងការបម្រើជាតិ និងប្រជាជន។
ដើម្បីជាការចូលរួមរំលែកទុក្ខ និងគាំទ្រដល់ការងារមូលដ្ឋាន លោកជំទាវតំណាងរាស្ត្របានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួន រួមមាន៖
ថវិកាចូលរួមបុណ្យសព៖ ចំនួន ៤០០,០០០ រៀល
ថវិកាឧបត្ថម្ភស្នាក់ការស្រុក៖ ចំនួន ២,០០០,០០០ រៀល សម្រាប់បម្រើការងារផ្សេងៗនៅក្នុងស្រុកស្ទឹងត្រង់។
សរុបថវិកាឧបត្ថម្ភទាំងអស់មានចំនួន ២,៤០០,០០០ រៀល។
ជាទីបញ្ចប់ លោកជំទាវ កុល ធារិន និងគណៈប្រតិភូទាំងអស់ បានលំឱនកាយវាចាចិត្ត បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជបារមីនៃព្រះពុទ្ធសាសនា សូមជួយដួងវិញ្ញាណក្ខន្ធ លោកស្រី ខេន ចិន្តា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕