ខេត្តព្រៃវែង៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានចុះបំពេញបេសកកម្មនៅខេត្តព្រៃវែង ដើម្បីតាមដានការអនុវត្តច្បាប់ និងស្វែងយល់ពីវឌ្ឍនភាពការងារ ជាពិសេសយន្តការដោះស្រាយទំនាស់ដីធ្លីនៅថ្នាក់ក្រោមជាតិ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តព្រៃវែង ក្រោមការដឹកនាំរបស់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្ដម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងជំនួបនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានរាយការណ៍ជូនគណៈប្រតិភូថា ខេត្តព្រៃវែងពុំមានបញ្ហាដីសម្បទាននោះទេ ប៉ុន្តែមានករណីរំលោភបំពានដីធ្លីរបស់រដ្ឋ (ដូចជា ដីចំណីផ្លូវ ចំណីប្រឡាយ ចំណីទន្លេ បឹងបួ និងទីទួលសាធារណៈ)។ បច្ចុប្បន្ន រដ្ឋបាលខេត្តបានជំរុញការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចរាល់ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការផ្សព្វផ្សាយទប់ស្កាត់ការរំលោភបំពានទាំងនោះ។
ទោះជាយ៉ាងណា អភិបាលខេត្តបានគូសបញ្ជាក់ពី បញ្ហាប្រឈមធំមួយ គឺករណីរដ្ឋបាលជលផលបានប្ដឹងជំទាស់ទៅនឹងការវាស់វែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋ លើក្បាលដីលំនៅឋាន និងដីកសិកម្ម។ ករណីប្ដឹងជំទាស់នេះរួមមាន៖
- ការប្ដឹងជំទាស់ទាំងស្រុង៖ មានចំនួន ២០ភូមិ (ស្មើនឹង ៧ឃុំ ក្នុងស្រុកចំនួន៣) សរុបចំនួន ២១,៤៩៧ ក្បាលដី លើផ្ទៃដី ១០,៨៣៩ ហិកតា។
- ការប្ដឹងជំទាស់មួយផ្នែក៖ មានចំនួន ៦២ភូមិ (ស្មើនឹង ១៧ឃុំ ក្នុងស្រុកចំនួន៥) សរុបចំនួន ១៦,៣៩១ ក្បាលដី លើផ្ទៃដី ១១,០០២ ហិកតា។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញនេះ ឯកឧត្តម សួន សុម៉ាលីន បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្តនឹងមិនទុកឱ្យបញ្ហាវិវាទដីធ្លីអូសបន្លាយពេលយូរនោះទេ ពោលគឺត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ដើម្បីជៀសវាងការប៉ះពាល់ដល់ជីវភាពរស់នៅ និងការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ។»
បច្ចុប្បន្ន រដ្ឋបាលខេត្តកំពុងរុញដោះស្រាយ និងសម្របសម្រួលវិវាទទាំងនេះនៅក្រៅប្រព័ន្ធតុលាការ តាមរយៈយន្តការសម្របសម្រួលថ្នាក់ឃុំ-សង្កាត់ ក្រុង-ស្រុក និងគណៈកម្មការដោះស្រាយវិវាទថ្នាក់ខេត្ត ព្រមទាំងយន្តការគណៈកម្មាធិការសុរិយោដី ក្នុងគោលបំណងផ្តល់ភាពកក់ក្តៅ និងយុត្តិធម៌ជូនប្រជាពលរដ្ឋដោយសន្តិវិធី។
ជាការឆ្លើយតប ឯកឧត្ដម សរ ចំរុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ លើការប្រើប្រាស់យន្តការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានរំលឹកផងដែរពីសកម្មភាពស្នូលរបស់គណៈកម្មការទី១ កន្លងមក ដែលតែងតែតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាព្រំដែន និងការពារអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់ជំហរអត់ធ្មត់ និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ៕