វិមានរដ្ឋសភា៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារមួយចំនួន ដើម្បីត្រៀមរៀបចំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH) ដែលរដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ព្រមទាំង ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្តម លោកជំទាវ ជាអគ្គនាយក អគ្គនាយករង និងលោក លោកស្រី ជាមន្ត្រីជំនាញមួយចំនួនផងដែរ។
សូមជម្រាបជូនថា វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសមាជិកសភាបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជំរុញវិស័យសុខភាពសកល និងឆ្លើយតបចំពោះបញ្ហាសុខាភិបាលសាធារណៈ និងការធានាប្រព័ន្ធសុខាភិបាលប្រកបដោយចីរភាព និងបរិយាបន្ន។
វេទិកាថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ នឹងផ្តោតការពិភាក្សាលើបញ្ហាប្រឈមសុខភាពចម្បងៗ រួមមាន៖ ការពង្រឹងប្រព័ន្ធសុខាភិបាលក្រោយវិបត្តិកូវីដ-១៩ ការគាំទ្រសុខភាពមាតា និងទារក ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងមិនឆ្លង ព្រមទាំងការលើកកម្ពស់តួនាទីរបស់សភាក្នុងការរៀបចំគោលនយោបាយសុខាភិបាល។
តាមរយៈវេទិកាអន្តរជាតិនេះ សមាជិកសភានឹងធ្វើការចែករំលែកនូវបទពិសោធន៍ ការអនុវត្តល្អៗ និងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលក្នុងតំបន់ ក៏ដូចជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ពាក់ព័ន្ធនឹងសុខភាពផងដែរ៕