ខេត្តតាកែវ៖ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះ សំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ មន្រ្តីរដ្ឋបាល និងមេភូមិទាំង ២៣ភូមិ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពន្យល់ និងបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានថ្នាក់ស្នូល ឱ្យបានយល់ដឹងពីគោលការណ៍របស់បក្ស និងកម្មវិធីនយោបាយសំខាន់ៗ ព្រមទាំងទិសដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តោតលើការថែរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺបាវចនា ៥ចំណុចគោលដៅយុទ្ធសាស្ត្រ ៥ចំណុច និងអាទិភាពជាគន្លឹះ ៥ នៃបាវចនាទាំង ៥នោះរួម មាន ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព ។ ចំណែកគោលដៅយុទ្ធសាស្ត្រ ៥រួមមាន៖
(១). ធានាឱ្យបានកំណើនសេដ្ឋកិច្ច
(២). បង្កើតការងារឱ្យបានកាន់តែច្រើន
(៣). សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ
(៤). បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ននានា និង
(៥). ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្រាប់អាទិភាពគន្លឹះ ចំនួន៥ មាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា-។ល។
ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមឱ្យបានផុសផុលបន្តទៀត និងបំពេញបន្ថែមយ៉ាងសកម្មមោះមុតក្នុងការថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដីជាតិ ដោយសហការជាមួយកង កម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងស្នូលដ៏សំខាន់ក្នុងការរក្សាបាន នូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិឱ្យមាន ការរីកចម្រើនដូចសព្វថ្ងៃ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតក៏បានឧបត្ថម្ភថវិកាដល់អ្នក ចូលរួមចំនួន ៩១នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០ រៀល។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ដែលទទួលបាននូវការអមដំណើរពីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរៈកងទ័ពជួរមុខ នៅមូលដ្ឋានឃុំលំចង់ ស្រុកសំរោង ចំនួន ២៦គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ៥០គីឡូក្រាម និងថវិកាចំនួន ៤០,០០០រៀល នៅក្នុងដំណើរចុះបំពេញបេសកកម្មការងារតាមមូលដ្ឋានជាប្រចាំនៃថ្នាក់ ដឹកនាំរបស់បក្សប្រៀបបាន ដូចភ្លៀងរលឹមនិងដោះស្រាយរាល់វិវាទផ្សេងៗ និងបញ្ហាប្រឈមដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងជួបប្រទះក៏ដូចជាការផ្ដល់អនុសាសន៍ល្អៗ ដល់បងប្អូនដែលកំពុងត្រៀមលក្ខណៈខិតខំធ្វើស្រែចម្ការបង្កបង្កើនផលមុនរដូវវស្សា ដែលនឹងត្រូវខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ផងដែរ៕