ខេត្តកំពង់ចាម៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ និងបានលើកទឹកចិត្តឱ្យបន្តអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព”ដើម្បីរួមចំណែក លុបបំបាត់បញ្ហាអបាយមុខ និងអសន្តិសុខនានា ដែលអាចរាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្នដែលប្រទេសកំពុងប្រឈម រួមមានបញ្ហាព្រំដែន និងស្ថានភាព សេដ្ឋកិច្ច សកល ដែលបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋមានសាមគ្គីភាព និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានានា និងបន្តថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីក ចម្រើន។
ឯកឧត្តម លន់ លឹមថៃ ក៏បានពន្យល់អំពីសារៈសំខាន់នៃច្បាប់កាតព្វកិច្ចយោធា ដែលជាកត្តាជួយពង្រឹងស្មារតីជាតិនិយម សាមគ្គីភាព និងការពារបូរណភាពទឹកដីជាតិ ដោយសូមឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យខិតខំប្រកបរបរចិញ្ចឹមជីវិត ពង្រឹងជីវភាពគ្រួសារ និងជំរុញកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសមត្ថភាពសម្រាប់សង្គមជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំឱ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុដែលអាចបង្កបញ្ហាផ្សេងៗដោយមិនបានរំពឹងទុក។
ឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូបក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ រួមជាមួយនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែចុះជួបផ្ទាល់ជាមួយប្រជាជននៅពេលដែលបងប្អូនមានទុក្ខលំបាក។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស ថវិកា ៥០,០០០រៀល និងបានឧបត្ថម្ភថវិកាជូនកម្លាំងនគរបាល និងប្រជាការពារចំនួន ១៣នាក់ ដោយក្នុងម្នាក់ទទួលបាន ២០,០០០រៀលផងដែរ៕