វិមានរដ្ឋសភា៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និង ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គ បណ្តុះបណ្តាលស្តីពី “ការទូតសភា”។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាគមសភានិយាយភាសាបារាំង (APF) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ដែលបានប្រព្រឹត្តទៅនៅសាលបាយ័ន វិមានរដ្ឋសភា។
វគ្គបណ្តុះបណ្តាលលើប្រធានបទ "ការទូតសភាជាភាសាបារាំង" នេះ មានការអញ្ជើញចូលរួមពីសិក្ខាកាមសរុបចំនួន ១៧រូប ក្នុងនោះរួមមាន៖
- មន្ត្រីរាជការមកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ចំនួន ១៤រូប (ចូលរួមដោយផ្ទាល់)។
- មន្ត្រីមកពីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ ចំនួន ៣រូប (ចូលរួមតាមប្រព័ន្ធនិម្មិត/Online)។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រី ពិសេសមន្ត្រីជំនាញផ្នែកពិធីការ និងទំនាក់ទំនងអន្តរជាតិ ឱ្យកាន់តែមានជំនាញច្បាស់លាស់ ក្នុងការប្រើប្រាស់ភាសាបារាំង សម្រាប់កិច្ចការទូតសភា សំដៅលើកកម្ពស់មុខមាត់ស្ថាប័ននីតិប្បញ្ញត្តិលើឆាកអន្តរជាតិ។
ថ្លែងក្នុងឱកាសនោះ គណៈអធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាម និងគ្រូឧទ្ទេស ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅអនុវត្តក្នុងភារកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ផងដែរ៕