វិមានរដ្ឋសភា៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «អភិបាលកិច្ចអាកាសធាតុ»។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធនិម្មិត (Zoom) ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA) ដើម្បីធានាឱ្យដំណើរការរៀបចំសិក្ខាសាលាខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល និងក្នុងតំបន់។
អភិបាលកិច្ចអាកាសធាតុ គឺជាយន្តការ វិធានការ និងកិច្ចការទូត ដើម្បីដឹកនាំសង្គមក្នុងការទប់ស្កាត់ កាត់បន្ថយ និងបន្ស៊ាំនឹងហានិភ័យប្រែប្រួលអាកាសធាតុ។ កម្ពុជាកំពុងពង្រឹងកិច្ចការនេះតាមរយៈ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ (CCCSP 2024-2033) ដោយផ្តោតលើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ បន្ស៊ាំនឹងស្ថានភាព និងអភិបាលកិច្ចល្អ៕