ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះជួបសំណេះសំណាលផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកយកខ្លឹមសារសំខាន់ៗនៃ «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» មកពន្យល់ណែនាំដល់យុវជន ដើម្បីឱ្យពួកគេយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ពលរដ្ឋក្នុងការចូលរួមការពារជាតិ។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះស្មារតីទទួលខុសត្រូវ និងការត្រៀមលក្ខណៈសម្បត្តិរបស់យុវជនក្នុងការបម្រើជាតិមាតុភូមិនៅពេលចាំបាច់។
ក្រៅពីទិដ្ឋភាពច្បាប់ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់លើការ «តម្រង់ទិសការសិក្សា» ដែលជាស្ពានចម្លងយុវជនទៅកាន់ទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ឯកឧត្តម បានផ្តល់នូវទស្សនទានសំខាន់ៗ ក្នុងការជ្រើសរើសមុខវិជ្ជាឱ្យស្របតាមសក្ដានុពលផ្ទាល់ខ្លួន និងតម្រូវ ការជាក់ស្តែងរបស់ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត ក៏បាននាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមាន សម្តេចតេជោ ហ៊ុន សែន, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាលតែងតែរម្លឹកពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្ស។
ជាកិច្ចលើកទឹកចិត្ត ឯកឧត្តមបណ្ឌិត សម តារា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១.៤០០.០០០ រៀល ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឆ្នើមចំនួន ២០នាក់ ដើម្បីជាការជំរុញស្មារតីក្នុងការបង្រៀន និងការរៀនឱ្យកាន់តែសកម្មបន្ថែមទៀត៕