ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលបានរៀបចំធ្វើ នៅថ្ងៃ អង្គារ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីជាតិដ៏ឧត្តុង្គឧត្តមនេះ ដោយសេចក្តីមោទនៈបំផុត។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល មិនត្រឹមតែជាការថែរក្សានូវកេរដំណែលវប្បធម៌ដ៏យូរលង់របស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះ វិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាការបន់ស្រន់សុំសេចក្តីសុខសប្បាយ ភោគផលកសិកម្មទទួលបានទាំងបរិមាណនិងគុណភាពល្អសម្បូរបែប និងទឹកភ្លៀងអំណោយផលដល់ការបង្កបង្កើនផលរបស់បងប្អូនកសិករនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងទិវាដ៏វិសេសវិសាលនេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់បងប្អូនជនរួមជាតិទាំងអស់ សូមទទួលបាននូវទិន្នផលខ្ពស់ សុខភាពល្អបរិបូរណ៍ និងរស់នៅក្រោមម្លប់នៃសន្តិភាពជានិរន្តរ៍តទៅ។
