(ខេត្តកំពង់ចាម)៖ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នារសៀលថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តឆ្លងស្ពានដូនមាន់ ដែលជាសមិទ្ធផលថ្មីសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ស្ថិតក្នុងភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាម។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់និងភរិយា ព្រមទាំងលោកអធិការនគរបាលស្រុក លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោក-លោកស្រីប្រធានការិយាល័យជំនាញជុំវិញសាលាស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ២០០នាក់។
ស្ពានដូនមាន់ គឺជាសំណង់ដែលសាងសង់ឡើងអំពីបេតុង និងឈើគគីរស្ពាននេះនឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រៅពីការចូលរួមអបអរសាទរសមិទ្ធផលថ្មី លោកជំទាវ កុល ធារិន ក៏បានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដោយលោកជំទាវបាន ផ្តល់ថវិកាចំនួន ១,០០០,០០០រៀល សម្រាប់ជាបច្ច័យក្នុងពិធីឆ្លងស្ពាននេះ ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ជូនដល់លោកអធិការរងនគរបាលស្រុក ដែលបានរងរបួសក្នុងបេសកកម្មការងារ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ដើម្បីជួយសម្រាលបន្ទុក និងជាការលើកទឹកចិត្តដល់ស្មារតីលះបង់របស់មន្ត្រីអនុវត្តច្បាប់។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ៕






