វិមានរដ្ឋសភា៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីស្តាប់ការបំភ្លឺ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋចំនួន ១៦៨គ្រួសារ ដែលកំពុងជួបប្រទះវិវាទដីធ្លីនៅក្នុងខេត្តកណ្តាល។
នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដម សរ ចំរុង ប្រធានគណៈកម្មការទី១ បានអនុញ្ញាតឱ្យតំណាងប្រជាពលរដ្ឋចំនួន ៤រូប រួមមាន លោក ថូ សម្បត្តិ, លោក សាន់ សុភ័ក្រ្ត, លោក ជុំ សំអឿន និងលោក ឈឹម រី ដែលតំណាងឱ្យប្រជាពលរដ្ឋ ១៦៨គ្រួសារ មកពីឃុំភូមិធំ ស្រុកកៀនស្វាយ ចូលជួបពិភាក្សា និងផ្តល់ការបំភ្លឺបន្ថែមជុំវិញពាក្យបណ្ដឹងដែលបានដាក់ជូនរដ្ឋសភានាពេលកន្លងមក។
បន្ទាប់ពីបានស្តាប់ការរៀបរាប់ និងពិនិត្យលើភស្តុតាងនៃឯកសារពាក់ព័ន្ឋលម្អិតរួចមក ឯកឧត្តម សរ ចំរុង បានពន្យល់យ៉ាងច្បាស់អំពីនីតិវិធីច្បាប់ និងយន្តការអន្តរាគមន៍របស់រដ្ឋសភា។ ឯកឧត្តមបានបញ្ជាក់ថា ក្រោយការប្រមូលព័ត៌មាននេះ គណៈកម្មការនឹងសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើលិខិតអន្តរាគមន៍បញ្ជូនទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅត្រួតពិនិត្យ និងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការបានសង្កត់ធ្ងន់ថា៖ «រដ្ឋសភាតែងតែតម្កល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ រដ្ឋសភានឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាម្ចាស់សំណើទាំងអស់ទទួលបាននូវយុត្តិធម៌ និងដំណោះស្រាយមួយដែលសមស្របតាមច្បាប់ និងអាចទទួលយកបានទាំងអស់គ្នា»។
កិច្ចជំនួបនេះបានបញ្ចប់ទៅក្រោមបរិយាកាសយោគយល់គ្នា ដែលសបញ្ជាក់ឱ្យឃើញពីតួនាទីយ៉ាងសកម្មរបស់តំណាងរាស្ត្រ ក្នុងការបម្រើ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។







