វិមានរដ្ឋសភា៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យលើឯកសារពាក់ព័ន្ធសម្រាប់ការត្រៀមរៀបចំ «សិក្ខាសាលាថ្នាក់ជាតិ ស្តីពីអភិបាលកិច្ចអាកាសធាតុ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការទី៣នៃរដ្ឋសភា ព្រមទាំងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា រួមជាមួយឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបទៀត។
អង្គប្រជុំបានពិភាក្សាយ៉ាងលម្អិតលើការងារបច្ចេកទេស និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងគោលបំណងធានាឱ្យការរៀបចំសិក្ខាសាលា ស្តីពីអភិបាលកិច្ចអាកាសធាតុ នាពេលខាងមុខប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជោគជ័យតាមការរំពឹងទុក។
ក្រោយពីទទួលបានមតិយោបល់ដែលជាធាតុចូលល្អៗ ពីសមាជិកអង្គប្រជុំរួចមក ឯកឧត្តមសន្តិបណ្ឌិត ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា បញ្ហាការប្រែប្រួលអាកាសធាតុនៅពេលបច្ចុប្បន្ន វាបានក្លាយជាបញ្ហាសកលដែលឯកឧត្ដមសូមលើកទឹកចិត្ត សុំឱ្យអញ្ជើញឯកឧត្ដម លោកជំទាវជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា បានចូលរួមឱ្យបានគ្រប់គ្នា។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស បន្តធ្វើការកែសម្រួលកម្មវិធីសិក្ខាសាលាដែលបានព្រាងឡើងនៅពេលនេះ ឱ្យកាន់តែល្អប្រឡើងថែមទៀត ដោយបញ្ចូលនូវធាតុចូលល្អៗ ដែលសមាជិកអង្គប្រជុំបានលើកឡើង។
ឯកឧត្ដមសន្តិបណ្ឌិត បានបញ្ជាក់ថា ក្រុមការងារនេះនឹងអាចជួបប្រជុំគ្នាម្ដងទៀតដើម្បីពិនិត្យសម្រេចលើការងារត្រៀមរៀបចំនេះ បន្ទាប់មកនឹងរាយការណ៍ជូនសម្ដេចរដ្ឋសភាធិបតីប្រធានរដ្ឋសភាបានជ្រាប។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសកិច្ចសហការការងារយ៉ាងជិតស្និទ្ធ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីត្រៀមលក្ខណៈឱ្យបានពេញលេញសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារៈសំខាន់នេះ៕




















