ខេត្តស្វាយរៀង៖ សមិទ្ធផលនានានៅក្នុងវត្តព្រៃខ្លូត (ហៅវត្តច្រេស) ក្នុងតម្លៃសាងសង់សរុបជាង ២៣ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តំណាងរាស្ត្រខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ។
សមិទ្ធផលដែលសម្ពោធនាពេលនេះ រួមមាន៖ របងវត្ត ខ្លោងទ្វារ ឧបដ្ឋានសាលា និងការចាក់ដីបំពេញបរិវេណវត្ត ដែលស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធី និងប្រជាពលរដ្ឋទូទាំងប្រទេស។
សម្ដេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ការរីកចម្រើនទន្ទឹមគ្នារវាងវិស័យអាណាចក្រ និងពុទ្ធចក្រនាពេលនេះ គឺជាសក្ខីភាពនៃការរីកចម្រើនសេដ្ឋកិច្ចជាតិ និងការកើនឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។ សម្ដេចមានប្រសាសន៍ថា៖ «តាមរយៈសមិទ្ធផលទាំងនេះ គឺសបញ្ជាក់ឱ្យឃើញពីការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតឱ្យពួកគាត់មានលទ្ធភាពចូលរួមតាមកម្លាំងសទ្ធា ដើម្បីកសាងបុណ្យកុសលក្រោមម្លប់នៃសុខសន្តិភាព»។
ជាមួយគ្នានេះ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងសម្តែងនូវមនោសញ្ចេតនាភាតរភាពយ៉ាងជ្រាលជ្រៅចំពោះ ព្រះគ្រូវិសុទ្ធសីលវង្សា ស៊ុ សំណាង សុទ្ធសីលោ ព្រះចៅអធិការវត្តព្រៃខ្លូត, ឯកឧត្តមនាយឧត្តមសេនីយ៍ ចាប ភក្តី រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ និងថ្នាក់ដឹកនាំខេត្តស្វាយរៀង ក្រុមការងាររាជរដ្ឋាភិបាល និងពុទ្ធបរិស័ទទាំងអស់ ដែលបានសហការគ្នាយ៉ាងស្អិតរមួតរហូតសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លានេះ។
ជាទីបញ្ចប់ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តចូលរួមគោរពច្បាប់ចរាចរណ៍ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនាទៅថ្ងៃអនាគតផងដែរ៕