ខេត្តរតនគិរី៖ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់គ្រួសារចាស់ជរាខ្វះខាត និងគ្រួសារស្ត្រីពិការចំនួន ៨គ្រួសារ ដែលរស់នៅក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញអមដំណើរដោយ លោក ធូ ឃឿ អភិបាលនៃគណៈអភិបាលក្រុងបានលុង សមាជិកក្រុមប្រឹក្សាក្រុង លោកចៅសង្កាត់កាចាញ ព្រមទាំងមន្ត្រីការិយាល័យតំណាងរាស្ត្រខេត្តរតនគិរីផងដែរ។
ឯកឧត្តម គិត ទ្រី បាននាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសគ្រួសារដែលងាយរងគ្រោះ ចាស់ជរា និងជនមានពិការភាព។
អំណោយដែលបានចែកជូនដល់គ្រួសារទាំង ៨ នាពេលនោះ ក្នុងមួយគ្រួសារទទួលបាននូវ ថវិកាចំនួន ៥០,០០០ រៀល សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនទៀតផងដែរ៕













