វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំនូវកម្មវិធីបាឋកថាដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ «ជម្លោះកម្ពុជា-ថៃក្នុងបរិបទនៃការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ»។
កម្មវិធីនេះ មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ឥស្សរជន និងអ្នកជំនាញជាន់ខ្ពស់ចំនួនពីររូប រួមមាន៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី សមាជិកក្រុមទីប្រឹក្សារដ្ឋសភា។
កម្មវិធីបាឋកថានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងការវិភាគស៊ីជម្រៅទាក់ទងនឹងទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយ និងការទូតរវាងប្រទេសទាំងពីរ។ លើសពីនេះ វាគ្មិនក៏បានផ្តល់នូវទស្សនាទានសំខាន់ៗអំពីទំនាក់ទំនងទ្វេភាគី នៅក្នុងបរិបទដែលសណ្តាប់ធ្នាប់នយោបាយអន្តរជាតិ និងតំបន់កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
តាមរយៈការចែករំលែកយ៉ាងក្បោះក្បាយនេះ មន្ត្រីចូលរួមទទួលបាននូវពុទ្ធិ និងទស្សនទានថ្មីៗបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការស្វែងយល់ពីគោលនយោបាយការបរទេស ក៏ដូចជាយុទ្ធសាស្ត្រក្នុងការការពារផលប្រយោជន៍ជាតិកម្ពុជាលើឆាកអន្តរជាតិ។
គួរជម្រាបថា៖បាឋកថានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការបណ្តុះបណ្តាល និងពង្រីកចំណេះដឹងទូទៅដល់មន្ត្រីរាជការនៃស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពនយោបាយតំបន់ និងអន្តរជាតិ ពង្រឹងសមត្ថភាពក្នុងការវិភាគព័ត៌មាន និងព្រឹត្តិការណ៍នានាដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ និងទំនាក់ទំនងអន្តរជាតិ ជាពិសេសត្រៀមលក្ខណៈក្នុងការគាំទ្រដល់ការងារការទូតសភា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕


























