វិមានរដ្ឋសភា៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យនិងពិភាក្សាលើការងារសំខាន់ៗមួយចំនួន។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនាពេលនេះ បានផ្តោតសំខាន់លើចំណុចអាទិភាពចំនួន ៣ រួមមាន៖
១-ការត្រៀមចុះបេសកកម្មនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលើកម្មវិធីការងារសម្រាប់ចុះទៅកាន់ក្រសួងរ៉ែ និងថាមពល និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា។
២-ពិភាក្សាអំពីផែនការបន្តចុះបេសកកម្មការងារ នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃវិស័យដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការ។
៣-ពិភាក្សាលើការងាររដ្ឋបាល និងកិច្ចការងារចាំបាច់មួយចំនួនទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់គណៈកម្មការឱ្យកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះ ជាសកម្មភាពដ៏សំខាន់ក្នុងការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ មុនពេលគណៈកម្មការចុះទៅបំពេញភារកិច្ចផ្ទាល់នៅតាមស្ថាប័នរដ្ឋ និងតាមបណ្តាខេត្តនានា ក្នុងគោលដៅបម្រើផលប្រយោជន៍ជាតិ និងប្រជាជន៕