វិមានរដ្ឋសភា ៖ ក្នុងបរិយាកាសដ៏មហោឡារិកដែលពោរពេញទៅដោយស្នាមញញឹម សាមគ្គីភាព រីករាយ និងស្និទ្ធស្នាល នាឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា, ក្រុមសមាជិកសភាស្ត្រី, ក្រុមសមាជិកសភាវ័យក្មេង, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា, ខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា, ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ និងទី២ នៃរដ្ឋសភា និងតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដាច់ដោយឡែកពីគ្នា។
ក្នុងឱកាសដ៏វិសេសវិសាលនេះ តំណាងប្រតិភូនីមួយៗ បានអានសារលិខិតជូនពរដោយបានលើកឡើងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំស្ថាប័នរដ្ឋសភាឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ សំដៅការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
ជាកិច្ចឆ្លើយតបក្នុងស្មារតីសប្បាយរីករាយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏ស្មោះសរ និងការជឿជាក់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់។ សម្តេចប្រធានបានគូសបញ្ជាក់ថា រាល់ជោគជ័យដែលរដ្ឋសភាសម្រេចបាន គឺកើតចេញពីការសហការគ្នា ភាពសាមគ្គី និងការលះបង់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
ជាកិច្ចបញ្ចប់នៃកម្មវិធី សម្តេចមហារដ្ឋសភាធិការធិបតី ក៏បានប្រសិទ្ធពរជ័យ បវរសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់ឯកឧត្តម លោកជំទាវ និងមន្ត្រីទាំងអស់ ឱ្យទទួលបាននូវពរជ័យពីទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមឱ្យឆ្នាំថ្មីនេះ ក្លាយជាឆ្នាំនៃជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបន្តបេសកកម្មបម្រើប្រជាជន ជាតិ សាសនា ព្រះមហាក្សត្រ និងបន្តថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ៕


















