(វិមានរដ្ឋសភា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីក្រុងពាលី និងសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបួងសួងសុំសេចក្តីសុខសិរីសួស្តី ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខ។
ពិធីដ៏មហោឡារិកនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១, ឯកឧត្តម វង សូត្រ អនុប្រធានទី២ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន លេខាធិការគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបទៀត។
ពិធីក្រុងពាលី និងសូត្រមន្តចម្រើនព្រះបរិត្តនេះ ត្រូវបានប្រារព្ធឡើងយ៉ាងខ្ជាប់ខ្ជួនតាមបែបបទសាសនា និងទំនៀមទម្លាប់ប្រពៃណីជាតិ។ ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ក៏មានការសម្តែងរបាំជូនពរ និងរបាំត្រុដិ ដើម្បីជម្រះអស់នូវឧបទ្រពចង្រៃ និងរឿងរ៉ាវមិនល្អក្នុងឆ្នាំចាស់ ដើម្បីទទួលនូវពរជ័យ សិរីសួស្តី ជ័យមង្គលវិបុលសុខ សម្រាប់ឆ្នាំថ្មី។
ទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ មានរយៈពេល ៣ ថ្ងៃ គិតចាប់ ពីថ្ងៃអង្គារ ១២រោច ដល់ ដល់ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលមានទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី» ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម។ សង្រ្កាន្តឆ្នាំថ្មីនេះ នឹងចូលមកដល់នាវេលាម៉ោង ១០:៤៨ នាទី ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។
គួរកត់សម្គាល់ថា ពិធីសូត្រមន្តនាឆ្នាំនេះ មិនត្រឹមតែជាការប្រតិបត្តិតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋសភាក៏បានភ្ជាប់នូវសមានចិត្តយ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខរបស់វីរៈកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងជួបការលំបាកផងដែរ។ ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា រួមជាមួយអង្គពិធីទាំងមូល បានតាំងចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសូមឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជានិច្ចនិរន្តរ៍តរៀងទៅ៕













































