ទីក្រុងអ៊ីស្តង់ប៊ុល៖ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយគណៈប្រតិភូសភារ៉ូម៉ានី។
នៅក្នុងជំនួបនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ លោកជំទាវ ខេង សំវ៉ាដា អនុប្រធាន គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ផងដែរ។ ភាគីទាំងពីរបានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ សំដៅពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។
ក្រៅពីជំនួបទ្វេភាគីជាមួយភាគីរ៉ូម៉ានី ឯកឧត្តម អ៊ុច បូររិទ្ធ និង លោកជំទាវ ខេង សំវ៉ាដា ព្រមទាំងគណៈប្រតិភូសភាកម្ពុជា ក៏បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៧ នៃសហភាពអន្តរសភា។ កិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់សម្រាប់សមាជិកសភាមកពីជុំវិញពិភពលោក ដើម្បីពិភាក្សាលើបញ្ហាប្រឈមសកល និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមជម្រាបជូនថា គណៈប្រតិភូសភាកម្ពុជា កំពុងបំពេញបេសកកម្មការទូតសភានៅក្នុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (152nd IPU Assembly) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ វត្តមានរបស់គណៈប្រតិភូសភាកម្ពុជានៅលើឆាកអន្តរជាតិដ៏ធំនេះ គឺជាការបង្ហាញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកលលោក តាមរយៈយន្តការការទូតសភា៕