ក្រុងសៀមរាប៖ នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗ បានអញ្ជើញចូលក្រាបបង្គំសាកសួរព្រះសុខភាព និងនាំយកនូវប្រភេទទេយ្យវត្ថុ និងបច្ច័យ មកវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
ទេយ្យទានដែលបាននាំមកវេរប្រគេនថ្វាយនាឱកាសដ៏មហានក្ខត្តឫក្សនេះ រួមមាន គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈសម្រាប់បម្រើដល់កិច្ចក្នុងវត្ត សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗសម្រាប់សម្តេចជាអម្ចាស់ និងព្រះសង្ឃ រួមទាំងបច្ច័យមួយចំនួនសម្រាប់ទ្រទ្រង់ការកសាង និងការងារពុទ្ធសាសនានៅក្នុងវត្តរាជបូណ៌ផងដែរ។
សកម្មភាពដ៏សប្បុរស និងពោរពេញដោយសទ្ធាជ្រះថ្លានេះ គឺជាការគោរពប្រតិបត្តិតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន និងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋសភា ក្នុងការលើកកម្ពស់ "វិស័យពុទ្ធចក្រ និងអាណាចក្រ" ឱ្យរីកចម្រើនទន្ទឹមគ្នា ដើម្បីជាគ្រឹះនៃសុខសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្រោមម្លប់នៃព្រះពុទ្ធសាសនា៕