ខេត្តបាត់ដំបង៖ ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបួងសួងសុំសេចក្ដីសុខ សិរីសួស្ដី នាឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនៅបរិវេណប្រាសាទភ្នំបាណន់ ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីបួងសួងសុំសេចក្ដីសុខ សិរីសួស្ដី ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និង ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ។
អញ្ជើញអមដំណើរក្នុងឱកាសនោះ រួមមាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា, ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា, ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា, លោកជំទាវ លី គឹមលៀង លេខាធិការគណៈកម្មការទី២ នៃរដ្ឋសភា, ឯកឧត្តម ងិន ឃន សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា ព្រមទាំងមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
ពិធីបួងសួងនេះ មិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការរំលឹកដល់គុណបុណ្យព្រះរតនត្រ័យ និងគុណបុព្វបុរសខ្មែរដែលបានកសាង និងថែរក្សាទឹកដី។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាពេលវេលានៃការផ្លាស់ប្តូរចាស់ផ្លាស់ថ្មី ថ្នាក់ដឹកនាំបានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាប្រទេសជាតិឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនជានិរន្តរ៍ ព្រមទាំងសូមឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបជួបតែសេចក្ដីសុខ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
ការជួបជុំគ្នានៅលើទឹកដីប្រវត្តិសាស្ត្រនៃប្រាសាទភ្នំបាណន់នាពេលនេះ ក៏ជាការបង្ហាញនូវស្មារតីសាមគ្គីភាពជាតិ និងការលើកកម្ពស់តម្លៃវប្បធម៌ អរិយធម៌ខ្មែរ ឱ្យកាន់តែរុងរឿង និងស្ថិតស្ថេរក្នុងដួងចិត្តកូនខ្មែរគ្រប់រូប ក្រោមដំបូលនៃសុខសន្តិភាព៕