នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បាននិមន្តព្រះសង្ឃ ដើម្បីប្រារព្ធពិធីសូត្រមន្តបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ ស្ថិតនៅក្នុងវត្តអង្គប្រិយ៍ ស្រុកសំរោង និងវត្តត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។
ពិធីនេះប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល និងប្រារព្ធពិធីរាប់បាត្រ ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមដួងវិញ្ញាណក្ខន្ធទាំងឡាយនោះ បានសោយសុខក្នុងឋានបរមសុខកុំបីអាក់ខានឡើយ។
ឯកឧត្តមបណ្ឌិត បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណា ចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម «រាក្យសាទេវី» សូមតាមជួយអភិបាលប្រោសព្រំសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះបងប្អូនជនរួមជាតិ កូនប្រុស កូនស្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តអង្គប្រិយ៍ និងវត្តត្រពាំងធំ មួយចំនួនទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត រួមនិងទេយ្យវត្ថុ រួមមាន អង្ករ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោខាប់ ស្ករស តែ ត្រីខ ប៊ីចេង និងសាដកផងដែរ៕