សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កម្ពុជា-តួកគីយ៉េ បន្តពង្រឹងទំនាក់ទំនងសភាដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ
កម្ពុជា-តួកគីយ៉េ បន្តពង្រឹងទំនាក់ទំនងសភាដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ
Prepaired By: NA001 ​ Date: (4/10/2026 1:15:51 AM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារ និងជម្រាបលា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា ដែលសម្រេចបានលទ្ធផលជាច្រើន រួមចំណែកដល់ការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ សកម្ម និងស៊ីជម្រៅ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្តេចមានអារម្មណ៍ថា សម្តេចទើបបានជួបលោកជំទាវឯកអគ្គរដ្ឋទូតថ្មីៗនេះសោះ ឥឡូវត្រូវបញ្ចប់អាណត្តិការទូតទៅហើយ។ សម្តេចបានទទួលជួបសវនាការជាមួយលោកជំទាវឯកអគ្គរដ្ឋទូត តែមួយខែប៉ុណ្ណោះ ក្រោយពីសម្តេច បានជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧។
សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស៊ីជម្រៅ រវាងប្រទេសទាំងពីរ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សមិទ្ធផលទាំងនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ របស់លោកជំទាវ និងសហការី និងជាពិសេស ឆន្ទៈនយោបាយដ៏រឹងមាំ ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ តាមរយៈការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងស្ទើរលើគ្រប់វិស័យ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េនាឆ្នាំ២០១៨ កន្លង។ ទំនាក់ទំនងដ៏ល្អនេះ បានបន្តពង្រឹងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា។ គណៈប្រតិភូរដ្ឋសភា និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា និងជួបពិភាក្សាការងារជាមួយគ្នាជាបន្តបន្ទាប់។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជានិងតួកគីយ៉េ មានគុណតម្លៃរួមជាច្រើន ក្នុងនោះមាន ការលើកកម្ពស់តម្លៃនៃសន្តិភាព និងវិបុលភាពរួម ប្រកាន់ខ្ជាប់ និងជឿជាក់លើច្បាប់អន្តរជាតិ និងពហុភាគីនិយម ដោយបើកចំហ និងបរិយាបន្ន។ ក្នុងន័យនេះ ចាំបាច់ត្រូវបន្តធ្វើការរួមគ្នា ដើម្បីប្រកាន់យក និងកៀរគរប្រទេសផ្សេងៗទៀត ឱ្យគោរពនូវគោលការណ៍ទាំងនេះ ក្នុងពេលដែលសកលលោកកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ ហ៊ុមព័ទ្ធដោយសង្គ្រាមនោះ។
លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូនលោកជំទាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅក្នុងឱកាសនេះ។ លោកជំទាវ បានថ្លែងកោតសរសើរ ជូនសម្តេចប្រធានរដ្ឋសភា ថាជាស្ត្រីថ្នាក់ដឹកនាំមួយរូប ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ។ វត្តមានរបស់សម្តេច ជាថ្នាក់ដឹកនាំរដ្ឋសភា មិនត្រឹមជាគំរូសម្រាប់ស្ត្រីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពលរដ្ឋជាទូទៅផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់តួកគីយ៉េប្រចាំនៅកម្ពុជា បន្តពីលោកជំទាវក៏នៅតែផ្តល់អាទិភាពខ្ពស់បំផុត ដល់ទំនាក់ទំនងប្រទេសទាំងពីរ ពិសេសការបន្តពង្រឹងទំនាក់ទំនងក្រុមមិត្តភាពរដ្ឋសភា ក៏ដូចជាការពង្រឹងទំនាក់ទំនងពហុភាគី រវាងរដ្ឋសភាប្រទេសទំាងពីរ ដូចជានៅក្នុងក្របខណ្ឌអាស៊ាន ជាដើម។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជ្រាលជ្រៅ ដល់ប្រទេសតួកគីយ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។ សម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងសភា ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះរដ្ឋសភា តំណាងឱ្យពលរដ្ឋ។ រដ្ឋសភាកម្ពុជា តែងតែផ្តល់អាទិភាពចំពោះផលប្រយោជន៍ ប្រជាពលរដ្ឋជាធំ។
ជាទីបញ្ចប់ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ប្រទេសតួកគីយ៉េ បន្តផ្តល់ការគាំទ្រកម្ពុជា លើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់លើការកសាងមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឈានឆ្ពោះសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០៕