សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ប្រជុំដាក់ចេញទិសដៅការងារពង្រឹងប្រសិទ្ធភាពការទូតសភា និងទំនើបកម្មវិស័យព័ត៌មានក្នុងអាណត្តិទី៧
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ប្រជុំដាក់ចេញទិសដៅការងារពង្រឹងប្រសិទ្ធភាពការទូតសភា និងទំនើបកម្មវិស័យព័ត៌មានក្នុងអាណត្តិទី៧
Prepaired By: NARA1472 ​ Date: (3/24/2026 8:23:29 PM )
(វិមានរដ្ឋសភា)៖ ក្នុងស្មារតីជំរុញឧត្តមប្រយោជន៍ជាតិទំាងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារពាក់កណ្តាលអាណត្តិ ព្រមទាំងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ ជាច្រើនសំដៅបង្កើនប្រសិទ្ធភាពការទូតសភា និងការងារផ្សព្វផ្សាយឱ្យកាន់តែសកម្ម និងស៊ីជម្រៅ។

ការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងបេសកកម្មបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ក៏ដូចជាការបន្តកសាងកិត្តិនាមកម្ពុជាឱ្យកាន់​តែលេចធ្លោតាមរយៈវេទិកាអន្តរជាតិនានា។

ក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលនាយកដ្ឋានជំនាញសម្រេចបាន​នាពេលកន្លងមក ក្នុងនាមជាសេនាធិការដ៏រឹងមាំជូនគណៈកម្មការ និងអ្នកតំណាងរាស្ត្រ លើការងារព័ត៌មាន និងការទូតសភា ដើម្បីការពារ​ផលប្រយោជន៍ជាតិក្នុងគ្រប់កាលៈទេសៈ ជាពិសេស ក្នុងដំណាក់កាលដែលកម្ពុជាត្រូវឆ្លើយតបនឹងបញ្ហាប្រឈមតាមព្រំដែនជាមួយប្រទេសជិតខាង។

ឯកឧត្តមប្រធានគណៈកម្មការទី៥ បានសង្កត់ធ្ងន់ថា ការងារស្រាវជ្រាវ និងការផ្តល់សេវាឯកសារបច្ចេកទេស គឺជា "ឆ្អឹងខ្នង" ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការគាំទ្រដល់រាល់កិច្ចប្រជុំនានារបស់រដ្ឋសភា ចាប់តាំងពីសម័យប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រហូតដល់កិច្ចប្រជុំគណៈកម្មការជំនាញ និងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា។ ភារកិច្ចទាំងនេះទាមទារឱ្យមានការចងក្រងឯកសារជំនួយស្មារតី និងការវិភាគស៊ីជម្រៅលើបញ្ហាជាតិ និងអន្តរជាតិ ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំរដ្ឋសភា និងអ្នកតំណាងរាស្ត្រ ក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាព។

ជាចំណុចគន្លឹះនៃកិច្ចប្រជុំ ឯកឧត្តម សួស យ៉ារ៉ា ក៏បានលើកឡើងពីផែនការត្រៀមលក្ខណៈជួបពិភាក្សា ជាមួយក្រសួងព័ត៌មាននាពេលខាងមុខ។ កិច្ចសហការយុទ្ធសាស្ត្រនេះ នឹងក្លាយជាជំហានដ៏សំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋសភា ឱ្យកាន់តែមានភាពរស់រវើក គុណភាពខ្ពស់ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់សាធារណជនក្នុងយុគសម័យឌីជីថល។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធាន បានជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកា គណៈកម្មការទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងដោះស្រាយ​បញ្ហាប្រឈមដែលនៅសេសសល់ និងត្រូវយកចិត្តទុកដាក់ខ្ពស់លើការកសាងសមត្ថភាពមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ស្មារតីនៃកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គណៈកម្មការទី៥ ក្នុងការផ្តល់ព័ត៌មានប្រកបដោយគុណភាព និងតម្លាភាព ដើម្បីធានាបាននូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល៕