វិមានរដ្ឋសភា៖ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការណែនាំតម្រង់ទិសការងារជូនដល់មន្ត្រីជាប់កិច្ចសន្យាថ្មីចំនួន ១០ រូប ដែលទើបជ្រើសរើសឱ្យបំពេញការងារនៅនាយកដ្ឋានព័ត៌មាន គ្រាដែលមន្ត្រីកិច្ចសន្យាសរុបចំនួន ៣០ នាក់ ដែលបានប្រឡងជាប់ចូលបម្រើការងារនៅនាយកដ្ឋានផ្សេងៗ ក្រោមចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំពិធីសំណេះសំណាល ណែនាំ តម្រង់ទិសការងារដាច់ដោយឡែកផ្សេងទៀត ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅថ្ងៃទី ១៨ ខែមីនា ស្អែកនេះ។
ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗជាច្រើន សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ឆ្លើយតបទៅនឹងការបម្រើសេវាជូនតំណាងរាស្ត្រ និងការផ្សព្វផ្សាយព័ត៌មានស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់លើការធ្វើទំនើបកម្មនៃការផលិតព័ត៌មានក្នុងយុគសម័យថ្មី ដែលតម្រូវឱ្យមានការរៀបចំខ្លឹមសារខ្លី សង្ខេបងាយយល់ រួមទាំងការផលិតវីដេអូអប់រំពីតួនាទីភារកិច្ចរបស់រដ្ឋសភាឱ្យបានកាន់តែសម្បូរបែប។
ទន្ទឹមនឹងការជំរុញឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាពលើវិស័យនយោបាយ និងកិច្ចការងារការទូត ឯកឧត្តម បានណែនាំឱ្យផ្លាស់ប្តូរទម្លាប់ការងារពីការធ្វើម្នាក់ឯង មកជាការធ្វើការងារជាក្រុម ដើម្បីបង្កើនផលិតភាពការងារឱ្យបានជាអតិបរមា។ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា ក៏បានបង្ហាញពីការយកចិត្តទុកដាក់គិតគូរខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លើសុខុមាលភាព និងបរិយាកាសការងាររបស់មន្ត្រី ទាំងបញ្ហាផ្លូវចិត្ត និងបរិយាកាសការងារផងដែរ។
ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានជំរុញទឹកចិត្តដល់មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ត្រូវបន្តប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបង្កើតស្នាដៃ ដើម្បីរួមចំណែកដល់ការរីកចម្រើន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិយាយដោយឡែក និងការរីកចម្រើនជារួមរបស់រដ្ឋសភា និងសង្គមជាតិនិយាយជារួម។