ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ តំណាងអភិបាលខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត បានអញ្ជើញអមដំណើរគណៈប្រតិភូរដ្ឋសភា ប្រទេសហុងគ្រី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត György Such អគ្គនាយកការិយាល័យនៃអគ្គលេខាធិការរដ្ឋសភានៃប្រទេសហុងគ្រី ទស្សនាបឹងទន្លេសាប និងតំបន់អភិរក្សសត្វស្លាបរ៉ាមសារព្រែកទាល់ ដែលស្ថិតនៅកណ្ដាលបឹងទន្លេសាប។
ក្នុងឱកាសនេះ គណៈប្រតិភូក៏បានចូលរួមដាំដើមឈើ ដើម្បីលើកកម្ពស់ការការពារបរិស្ថាន និងរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងហុងគ្រី។
បឹងទន្លេសាប គឺជាបឹងទឹកសាបធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាតំបន់បម្រុងជីវមណ្ឌលពិភពលោក។ តំបន់រ៉ាមសារព្រែកទាល់ក៏ជាជម្រកសត្វស្លាបកម្រៗជាច្រើន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើង ខណៈឆ្នាំនេះចំនួនសត្វស្លាបក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។