ខេត្តកំពង់ឆ្នាំង៖ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ថ្មីៗនេះបានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយអតីតមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋចាស់ជរា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះការលះបង់កម្លាំងកាយចិត្តបម្រើជាតិ និងប្រជាជននាពេលកន្លងមក។
ក្នុងសកម្មភាពចុះមូលដ្ឋាន នៅឃុំច្រេស និងឃុំអូរឫស្សី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បាននាំនូវមនោសញ្ចេតនានឹករលឹក និងការគិតគូរយកចិត្តទុកដាក់បំផុតពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់ តែងតែផ្តល់តម្លៃ និងមិនដែលបំភ្លេចនូវរាល់គុណបំណាច់របស់អតីតមន្ត្រីរាជការ និងមន្ត្រីមូលដ្ឋានគ្រប់ស្រទាប់វណ្ណៈ ដែលបានរួមចំណែកកសាង និងការពារជាតិមាតុភូមិឡើយ។
ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតប្រធានក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងអតីតប្រធានភូមិទាំង ៥ រូប ដែលបានចំណាយពេលស្ទើរពេញមួយជីវិត ក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈ និងសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយមិនគិតការនឿយហត់។ ឯកឧត្តមបានបញ្ជាក់ថា ស្មារតីទទួលខុសត្រូវរបស់លោកពូ អ្នកមីង គឺជាគំរូដ៏ល្អសម្រាប់មន្ត្រីបន្តវេន។
ក្រៅពីការសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ក៏បានផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងថវិកាលើកទឹកចិត្តមួយចំនួនដល់ចាស់ព្រឹទ្ធាចារ្យដែលមានជំងឺ និងជរាពាធ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ចាស់ព្រឹទ្ធាចារ្យ ក្នុងនាមជា "មគ្គុទ្ទេសក៍" ដោយបន្តធ្វើជាបង្អែកស្មារតី និងជួយតម្រង់ទិសដល់យុវជនជំនាន់ក្រោយ តាមរយៈបទពិសោធន៍ការងារដ៏សម្បូរបែប ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានចីរភាពផងដែរ៕