សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ខេង សំវ៉ាដា ចូលរួមកិច្ចប្រជុំគណៈប្រតិភូសភានិយាយភាសាបារាំង និងចូលរួមសិក្ខាសាលាកម្រិតខ្ពស់ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ
លោកជំទាវ ខេង សំវ៉ាដា ចូលរួមកិច្ចប្រជុំគណៈប្រតិភូសភានិយាយភាសាបារាំង និងចូលរួមសិក្ខាសាលាកម្រិតខ្ពស់ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ
Prepaired By: NARA1472 ​ Date: (3/15/2026 8:09:18 PM )
ទីក្រុងញូវយ៉ក៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានបណ្ដាញស្ត្រីសភានៃក្រុមសភាជាតិកម្ពុជានិយាយ​សភាប្រើភាសាបារាំង (APF) បានអញ្ជើញចូលរួម  កិច្ចប្រជុំគណៈប្រតិភូសភានិយាយភាសាបារាំងនៅស្ថានតំណាងអចិន្ត្រៃយ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកជំទាវ វីវីយ៉ាន តីទែលបូម (Viviane TEITELBAUM) ប្រធានបណ្ដាញស្ត្រីសភា នៃ APF ដោយមានការចូលរួមពីតំណាងសភាមកពីបណ្ដាប្រទេសជាសមាជិក រួមមាន៖ ឆាត, កាតាឡូញ, កេប៊ិក, បារាំង, ប៊ែលហ្ស៊ិក, កុងហ្គោ, ម៉ាដាហ្កាស្កា, ម៉ារ៉ុក និងកម្ពុជា។

អង្គប្រជុំបានពិភាក្សាស៊ីជម្រៅលើរបៀបវារៈសំខាន់ៗ រួមមាន៖

- ការបង្ហាញពីតួនាទី ភារកិច្ច និងសកម្មភាពការងាររបស់បណ្ដាញស្ត្រី APF។

- ការផ្លាស់ប្តូរបទពិសោធន៍លើបញ្ហាប្រឈមរបស់ស្ត្រី និងការដាក់ចេញនូវវិធានការឆ្លើយតប។

- ការពង្រឹងការចូលរួមរបស់ស្ត្រី និងការការពារស្ត្រីពីអំពើហិង្សាគ្រប់ទម្រង់។

- ការជួយគាំទ្រសេវាផ្នែកច្បាប់ដល់ស្ត្រីរងគ្រោះ និងការការពារស្ត្រីក្នុងតំបន់មានជម្លោះប្រដាប់អាវុធ។

បន្ទាប់ពីកិច្ចប្រជុំគណៈប្រតិភូសភានិយាយភាសាបារាំង លោកជំទាវក៏បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី «ស្ត្រី សន្តិភាព សន្តិសុខ និងស្ថានភាពបន្ទាន់ផ្នែកនយោបាយ» នៅសាលសន្និសីទនៃទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ។

ក្នុងវេទិកានេះ លោកជំទាវបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដែលជាបុរេលក្ខខណ្ឌសម្រាប់សន្តិសុខជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា របៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» គឺជាក្របខ័ណ្ឌគោលនយោបាយសកលដែលផ្អែកលើសេចក្ដីសម្រេចចិត្តលេខ ១៣២៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងគោលដៅធានាឱ្យបាននូវការចូលរួមរបស់ស្ត្រី ក្នុងគ្រប់ដំណាក់កាលនៃការកសាងសន្តិភាព, ធានាឱ្យបាននូវការការពារស្ត្រីពីអំពើហិង្សាក្នុងជម្លោះ និងការផ្ដល់សិទ្ធិស្មើគ្នា ក្នុងការចូលរួមដោះស្រាយវិវាទ និងការការពារសិទ្ធិនារីជុំវិញពិភពលោក៕