វិមានរដ្ឋសភា៖ ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ និងជាទីប្រឹក្សាក្រុមការងារសភាអេឡិចត្រូនិក នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាព និងយុទ្ធសាស្ត្រពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមការងារដឹកនាំរៀបចំសភាអេឡិចត្រូនិក, ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ, ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនៅថ្ងៃនេះ ផ្ដោតសំខាន់ទៅលើការពន្លឿនការងាររៀបចំប្រព័ន្ធឱ្យបានឆាប់រហ័ស ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការងារអាទិភាពចំនួន ៣ ដើម្បីសម្រេចឱ្យបាននូវគោលដៅ "សភាឌីជីថល" រួមមាន៖
១.ការសិក្សាសមត្ថភាពប្រព័ន្ធ៖ ពិនិត្យ និងស្វែងយល់ឱ្យស៊ីជម្រៅនូវរាល់មុខងារប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលត្រូវយកមកប្រើប្រាស់ក្នុងស្ថាប័នរដ្ឋសភាឱ្យចំគោលដៅ។
២.ការផ្ទេរចំណេះដឹង និងបណ្តុះបណ្តាលបច្ចេកទេស៖ ពង្រឹងសមត្ថភាពក្រុមការងារព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា តាមរយៈការបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធ Software ឱ្យមានប្រសិទ្ធភាពខ្ពស់។
៣.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ (Cloud Strategy)៖ កំណត់គោលការណ៍ច្បាស់លាស់ក្នុងការជ្រើសរើសទីតាំងតម្កល់ទិន្នន័យ (Cloud Location) ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាន។
ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យក្រុមការងារបន្តកែសម្រួល និងបន្ថែមមាតិកាសំខាន់ៗ បង្កើនការយកចិត្តទុកដាក់លើខ្លឹមសារព័ត៌មាន និងជំរុញការបណ្តុះបណ្តាលផ្ទេរចំណេះដឹងដល់មន្ត្រីជំនាញជាប្រចាំផងដែរ។
សូមរំលឹកថា ការរៀបចំប្រព័ន្ធសភាអេឡិចត្រូនិក គឺជាជំហានយុទ្ធសាស្ត្រដ៏មុតស្រួច ដែលទទួលបានការគាំទ្រ និងចង្អុលបង្ហាញជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋសភា ពិសេសគឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារនីតិប្បញ្ញត្តិ និងការផ្តល់សេវាជូនអ្នកតំណាងរាស្ត្រ ក៏ដូចជាប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស តម្លាភាព និងទំនើបកម្មបំផុត៕








