រាជធានីភ្នំពេញ៖ អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងហុងគ្រី បានឯកភាពបោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការប្រែក្លាយអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភា និងពង្រឹងសមត្ថភាពមន្រ្តី ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកច្បាប់ និងការងារពាក់ព័ន្ធទៅនឹងសភាឌីជីថលជាដេីម។ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា,ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការនិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា,ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងភាគីហុងគ្រី ដឹកនាំដោយ ឯកឧត្តម György Such អគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រី នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។
តាមរយៈកិច្ចពិភាក្សានេះភាគីទាំងពីរបានសង្កត់ធ្ងន់លើវិស័យអាទិភាពចំនួន ៤ ដែលត្រូវអនុវត្តក្រោមក្របខ័ណ្ឌ MOU៖
ទី១.ការកសាងសមត្ថភាពមន្ត្រី៖ ការរៀបចំកម្មវិធីបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍រវាងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ។
ទី២.ទំនើបកម្មរដ្ឋបាល និងបច្ចេកទេស៖ ការសិក្សាស្វែងយល់ពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ រចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធបច្ចេកទេសដែលចាំបាច់សម្រាប់ដំណើរការសភាក្នុងយុគសម័យឌីជីថល។
ទី៣.ការផ្លាស់ប្តូរព័ត៌មានច្បាប់៖ បង្កើនកិច្ចសហការក្នុងការផ្លាស់ប្តូរព័ត៌មានផ្នែកនីតិកម្ម និងការងារការិយាល័យសភា។
ទី៤.ការគាំទ្រលើឆាកអន្តរជាតិ៖ បន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌសភាតំបន់ និងអន្តរជាតិ។
លើសពីកិច្ចសហប្រតិបត្តិការកម្រិតអគ្គលេខាធិការដ្ឋាន ភាគីទាំងពីរ ក៏បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការបង្កើនកិច្ចសហការក្នុងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកដោយ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាប្រទេសទាំងពីរ បានប្តេជ្ញាដើរតួនាទីជាសេនាធិការដ៏រឹងមាំ ដើម្បីគាំទ្រដល់ទំនាក់ទំនងកម្រិតខ្ពស់នៅគ្រប់យន្តការសភា រាប់ចាប់ពីទំនាក់ទំនងទ្វភាគីរវាងប្រធានរដ្ឋសភា កិច្ចសហប្រតិបត្តិការនៃគណៈកម្មការជំនាញ រហូតដល់ក្រុមសភាវ័យក្មេង ក្រុមសភាស្ត្រី និងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួត និងមានសកម្មភាពខ្លាំងក្លាថែមទៀត។
គួររំលឹកផងដែរថា ជំនួបពិភាក្សាការងារកម្រិតបច្ចេកទេសរវាងអគ្គលេខាធិការទាំងពីរនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម György Such បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា កាលពីព្រឹកថ្ងៃដដែល។ នេះសបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-ហុងគ្រី មិនត្រឹមតែរឹងមាំក្នុងកម្រិតនយោបាយប៉ុណ្ណោះទេ ប៉ុន្តែបានឈានដល់ការអនុវត្តការងារបច្ចេកទេសយ៉ាងសកម្ម។ក្រៅពីវិស័យសភា វត្តមានរបស់គណៈប្រតិភូហុងគ្រីនាពេលនេះ ក៏ជាសញ្ញាវិជ្ជមានក្នុងការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងៗទៀត ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ និងទេសចរណ៍ ដែលនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។