ភ្នំពេញ៖ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានអ្នកចូលរួមប្រមាណ១៣០រូប រួមមានសមាជិកក្រុមប្រឹក្សាជាតិនៃសមាគម អតីតថ្នាក់ដឹកនាំសមាគម តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាជធានី ខេត្តទាំង២៥។
នៅក្នុងរបាយការណ៍បូកសរុបកិច្ចប្រជុំ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិបានសម្រេចលទ្ធផលសំខាន់ៗមួយចំនួន ដូចជា ការអនុម័តបំពេញបន្ថែមសមាសភាពសមាជិកក្រុមប្រឹក្សាជាតិចំនួន៣រូប ការពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៥ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥ ព្រមទាំងអនុម័តផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៦។
ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិក៏បានពិភាក្សាអំពីអាទិភាពការងារមួយចំនួនសម្រាប់ឆ្នាំ២០២៦ រួមមាន ការជំរុញស្នើសុំអនុក្រឹត្យស្តីពីឯកសណ្ឋានបំពេញការងាររបស់សមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ការរៀបចំបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សា និងការបង្កើនកិច្ចសហការជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ។
ក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា បានវាយតម្លៃថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ដោយបានពិនិត្យសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦។
សូមបញ្ជាក់ថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងតំណាងឱ្យសម្លេងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត និងលើកកម្ពស់សមត្ថភាពរបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេស៕