សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋកូរ៉េប្តេជ្ញារួមគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ
ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋកូរ៉េប្តេជ្ញារួមគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ
Prepaired By: NARA1472 ​ Date: (3/9/2026 7:48:00 PM )
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋកូរ៉េ បានទទួលជួបគណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាសាធារណរដ្ឋកូរ៉េ-កម្ពុជា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត យូន ហ៊ូឌុក (Yoon Hu-duk) សមាជិករដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរវាងព្រះរាជាណា ចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការទូតសភា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ភាគីទាំងពីរក៏បានកត់សម្គាល់ផងដែរថា ប្រទេសទាំងពីរនឹងអបអរសាទរខួប៣០ឆ្នាំនៃការស្តារទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ២០២៧ ដែលជាឱកាសសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងអំពីទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដោយរំលឹកដល់ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ពិភពលោកអង្គរ-ឃ្យុងយូ កាលពីឆ្នាំ២០០៦ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងទៅវិញទៅមករវាងអរិយធម៌អង្គរ និងអរិយធម៌ស៊ីលឡារបស់កូរ៉េ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនទៅវិញទៅមក។ ភាគីកូរ៉េបានបញ្ជាក់ថា មុនពេលជំងឺកូវីដ-១៩ មានភ្ញៀវទេសចរកូរ៉េប្រមាណ ៣០ម៉ឺននាក់ មកទស្សនាកម្ពុជារៀងរាល់ឆ្នាំ ប៉ុន្តែចំនួននេះបានធ្លាក់ចុះប្រហែលពាក់កណ្តាលទោះបីជាស្ថានភាពវិលមករកប្រក្រតីភាពវិញក្តី។ ឯកឧត្តម បានបង្ហាញ​ក្តីសង្ឃឹមថាចំនួនទេសចរនឹងអាចកើនឡើងវិញតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បញ្ហាឆបោកតាមប្រព័ន្ធ​អនឡាញ។ ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មទាំងនេះ តាមរយៈវិធានការផ្នែកច្បាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងសាធារណរដ្ឋកូរ៉េ។ គណៈប្រតិភូរដ្ឋសភាកូរ៉េបានសម្ដែងការកោតសរសើរចំពោះវិធានការយ៉ាងឆាប់រហ័សរបស់អាជ្ញាធរកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានរួមចំណែកធ្វើឱ្យស្ថានភាពនេះមានភាពប្រសើរឡើងយ៉ាងខ្លាំង។

ទន្ទឹមនេះ ឯកឧត្តម សួស យ៉ារ៉ា បានចែករំលែកទស្សនៈរបស់កម្ពុជា ចំពោះស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម បានលើកឡើងថា ការចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាគ្រាប់មីន និងឧក្រិដ្ឋកម្មឆបោកអនឡាញ ត្រូវបានភាគីថៃលើកឡើងជាហេតុផលសម្រាប់សកម្មភាពរំលោភបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។ បញ្ហាទាំងនេះគួរត្រូវបានដោះស្រាយតាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពនីតិរដ្ឋ និងច្បាប់អន្តរជាតិដែលមានជាធរមាន។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តដោះស្រាយបញ្ហាតាមមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ហើយជឿជាក់ថា បញ្ហាដូចជាឆបោកអនឡាញ អាចត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ដូចដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េបានអនុវត្តរួចមកហើយ។

ឯកឧត្តម សួស យ៉ារ៉ា ក៏បានលើកឡើងអំពីក្តីបារម្ភផ្នែកមនុស្សធម៌ពាក់ព័ន្ធនឹងប្រជាពលរដ្ឋកម្ពុជា ដែលរងផលប៉ះពាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយភាគីថៃមិនបានអនុញ្ញាតឱ្យពួកគាត់វិលទៅលំនៅឋានរបស់ខ្លួនវិញនៅឡើយទេ ទោះបីបានចុះកិច្ចព្រមព្រៀងលើ​បទឈប់បាញ់រួចក៏ដោយ។ ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា ដោយមានការគាំទ្រ និងឆន្ទៈល្អពីដៃគូ រួមទាំងសាធារណរដ្ឋកូរ៉េ អាចមានកិច្ចខិតខំប្រឹងប្រែងជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជាចំនួនរាប់ម៉ឺននាក់ អាចត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត យូន ហ៊ូឌុក បានបង្ហាញក្តីសង្ឃឹមថា បញ្ហាទំនាស់ព្រំដែននេះ អាចត្រូវបានដោះស្រាយដោយសន្តិវិធី ជាពិសេសតាមរយៈការសន្ទនា និងការយោគយល់គ្នាទៅវិញទៅមក ដោយបានសង្កត់ធ្ងន់ថា ដំណោះស្រាយដោយសន្តិវិធីគឺមានសារៈសំខាន់សម្រាប់បញ្ចៀសការខូចខាតដោយការប្រយុទ្ធគ្នា និងការរក្សាស្ថិរភាព។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ តាមរយៈវេទិកាសភាតំបន់ និងអន្តរជាតិ រួមមាន សហភាពអន្តរសភា (IPU) សភាតំបន់អាស៊ាន (AIPA) និងសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP)។

ឯកឧត្តម បណ្ឌិត យូន ហ៊ូឌុក បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរ បានបង្ហាញទំនុកចិត្តថា ជំនួបនេះនឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕