សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជា ពង្រឹងសមត្ថភាពមន្ត្រីជំនាញលើ “ការទូតសភា ភាសាបារាំង” ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦
រដ្ឋសភាកម្ពុជា ពង្រឹងសមត្ថភាពមន្ត្រីជំនាញលើ “ការទូតសភា ភាសាបារាំង” ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦
Prepaired By: NARA1472 ​ Date: (3/9/2026 7:47:58 PM )
វិមានរដ្ឋសភា៖ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងត្រៀមលក្ខណៈឱ្យបានពេញលេញ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗ នាពេលខាងមុខ រដ្ឋសភាកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) បើកវគ្គបណ្តុះបណ្តាលស្តីពី «ការទូតសភាជាភាសាបារាំង» ជំនាន់ទី៨ ជូនដល់មន្ត្រីសភាកម្ពុជា និងឡាវ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពការទូតសភា ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ និងការត្រៀមលក្ខណៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ផងដែរ។

វគ្គបណ្តុះបណ្តាលស្តីពី «ការទូតសភាជាភាសាបារាំង» ជំនាន់ទី៨ បានរៀបចំពិធីបើកជាផ្លូវការនៅថ្ងៃទី៩ ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមផងដែរពីអ្នកជំនាញការអន្តរជាតិល្បីៗ រួមមាន លោក Michel FOUCHER អតីតឯកអគ្គរដ្ឋទូតបារាំង និងមន្ត្រីជាន់ខ្ពស់មកពី PCAsia ខណៈដែលមន្ត្រីសភាឡាវបានចូលរួមតាមរយៈប្រព័ន្ធវីដេអូ (Zoom)។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹង៖
ការបញ្ជ្រាបទស្សនាទានអាស៊ីអាគ្នេយ៍៖ សិក្ខាកាមបានសិក្សារៀនសូត្រពីការវិភាគ និងរៀបចំឯកសារ ដើម្បីបញ្ចូលទៅក្នុងអាត្លាស (Atlas) នៃសហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីធានាថា សំឡេង និងទស្សនាទាននៃតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់លាស់ក្នុងកិច្ចប្រជុំកំពូល។

ការកសាងបណ្ដាញអាជីពតំបន់៖ វគ្គនេះមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់ទំនាក់ទំនង រវាងមន្ត្រីសភាក្នុងអាស៊ាន និងស្ថាប័នហ្វ្រង់កូហ្វូនី ដើម្បីពង្រឹងកិច្ចសហការរយៈពេលវែង។

ជំនាញបច្ចេកទេសការទូត៖ សិក្ខាកាមក៏ទទួលបានចំណេះដឹងបន្ថែម ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពសរសេរតាមរចនាសម្ព័ន្ធវិជ្ជាជីវៈ និងការវិភាគគោលនយោបាយ ដើម្បីគាំទ្រដល់ការសម្រេចចិត្តក្នុងស្ថាប័នសភាផងដែរ។

ការបើកវគ្គបណ្ដុះបណ្ដាលនេះ ឆ្លុះបញ្ចាំងពីតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងនាមជា “ស្ពានចម្លង” រវាងអាស៊ាន និងសហគមន៍ហ្វ្រង់កូហ្វូនី​សកល ដែលមានសមាជិកជិត ១០០ ប្រទេស។ តាមរយៈការប្រើប្រាស់ភាសាបារាំងជាមធ្យោបាយ កម្ពុជាមានគោលដៅលើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើឆាកអន្តរជាតិ។

ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា ក៏បានសម្ដែងនូវការដឹងគុណចំពោះស្ថាប័នដៃគូអន្តរជាតិ រួមមាន សភាបារាំង, សភាអឺរ៉ុប, សភាប្រើភាសា​បារាំង (APF) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៃមន្ត្រីសភានៅតំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅជាពីរដំណាក់កាល ដោយចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមីនា និងវគ្គបញ្ចប់នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕