វិមានរដ្ឋសភា៖ ក្នុងស្មារតីពង្រឹងចំណងមិត្តភាពដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេល ៥៥ឆ្នាំ កន្លងមកហើយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម យ៉ូន ហូដុក (Yoon Hu-Duk) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
ក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ ភាគីទាំងពីរ បានសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ដែលបានឈានឡើងដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ” និងប្ដេជ្ញាពង្រឹង “ការទូតសភា” និងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹង "ការទូតសភា" តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ដើម្បីស្តារទំនុកចិត្ត និងដោះស្រាយបញ្ហាប្រឈមសកល ក្នុងបរិបទដែលពិភពលោកកំពុងមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា ទំនាក់ទំនងនេះត្រូវបានកសាងឡើងលើមូលដ្ឋាននៃទំនុកចិត្ត ការគោរពគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលនាំមកនូវវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជម្រាបជូនភាគីមិត្តកូរ៉េអំពីការវិវត្តនៃរដ្ឋសភាកម្ពុជា នៅក្នុងនីតិកាលទី៧ ដែលមាន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី គឺជាស្ត្រីដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានក្លាយជាប្រធានរដ្ឋសភា។
ក្នុងជំនួបពិភាក្សាការងារនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺប្រទេសប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ និងជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។ ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីខ្លួន។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យឱ្យបានហ្មត់ចត់លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះក្លាយជាឧបករណ៍ នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។
ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ចំណងមិត្តភាពកម្ពុជា-កូរ៉េ ដែលមានអាយុកាល ៥៥ ឆ្នាំមកនេះ បានចាក់គ្រឹះយ៉ាងរឹងមាំ។ ភាគីទាំងពីរបានប្ដេជ្ញាពង្រឹង “ការទូតសភា” និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រ” ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល។ តាមរយៈជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និង ឯកឧត្តម យ៉ូន ហូដុក នៅថ្ងៃនេះដដែល មានកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនផ្សេងទៀតដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖
• ហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជាស្នើឱ្យកូរ៉េជួយពន្លឿនគម្រោង “ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ” ដែលជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ។
• សេដ្ឋកិច្ច និងវិនិយោគ៖ ភាគីកូរ៉េស្នើសុំកម្ពុជាជួយសម្រួលដល់ធុរកិច្ចរបស់ក្រុមហ៊ុនកូរ៉េជាង ២០០ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ព្រមទាំងសន្យាជំរុញលំហូរវិនិយោគិន និងទេសចរកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើន។
• កម្លាំងពលកម្ម និងការអប់រំ៖ កម្ពុជាស្នើឱ្យកូរ៉េបង្កើនការទទួលពលករ និងផ្តល់អាហារូបករណ៍ផ្នែកជំនាញបច្ចេកទេសដល់និស្សិតកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
• សន្តិសុខឌីជីថល៖ កម្ពុជាបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
ឯកឧត្តម យ៉ូន ហូដុក បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសន្យាជំរុញឱ្យរដ្ឋាភិបាលកូរ៉េការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាឱ្យបានពេញលេញ។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយភាគីទាំងពីរបានបង្ហាញនូវក្តីសោមនស្សចំពោះការរីកចម្រើននៃទំនាក់ទំនង ដែលនាំមកនូវវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល៕