ខេត្តកំពត៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណាយជូនដល់ជនចាស់ជរា ចំនួន២៥នាក់ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣៦គ្រួសារស្ថិតនៅឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
នៅក្នុងឱកាសនោះ ឯកឧត្តម បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខនិងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំថ្នាក់ជាតិ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ជាក់ស្តែង ឯកឧត្តម វ៉ាន់ ដារ៉ា បានលើកបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃស្ថាប័ននីតិប្បញ្ញត្តិ ដែលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន នៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ ម្យ៉ាងវិញទៀត ឯកឧត្តម បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាកំពុងតែវិវត្តខ្លួនយ៉ាងសកម្មនៅក្នុងរបត់ថ្មីនេះគួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រកម្ពុជាកាន់តំណែងជាប្រធានរដ្ឋសភា។ ក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា បាននឹងកំពុងជំរុញការធ្វើទំនើបកម្មស្ថាប័នយ៉ាងស៊ីជម្រៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភសម្ភារ និងថវិកា ជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋរួមមាន៖ អង្ករ១០គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ត្រីខ អំបិល ក្រមា សារុង និងថវិកាមួយចំនួន ប្រគេនបច្ច័យចៅអធិការវត្តចំនួន១០ម៉ឺនរៀល ព្រមទាំងបានផ្តល់កង់១គ្រឿងដល់សិស្ស នៅក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាសផងដែរ៕