សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបប្រតិភូមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងទទួលពានរង្វាន់ «គុណធម៌»
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបប្រតិភូមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងទទួលពានរង្វាន់ «គុណធម៌»
Prepaired By: NARA1472 ​ Date: (3/5/2026 8:06:19 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសវនាការជាមួយប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥ ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសកម្មភាពការងាររបស់មជ្ឈមណ្ឌល និងជាពិសេសនាទីស្វែងយល់ព្រះពុទ្ធសាសនា ដែលដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាបានចូលរួមអប់រំសីលធម៌សង្គមតាមមាគ៌ាព្រះពុទ្ធសាសនា ជូនដល់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យសន្តិភាព របស់រាជរដ្ឋាភិបាល។

សម្តេចបានគូសបញ្ជាក់ថា ចាប់តំាងពីឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទំាងវិស័យពុទ្ធចក្រ និងអាណាចក្រ ធ្វើឱ្យកម្ពុជាទទួលបាននូវការអភិវឌ្ឍ រីកចម្រើន និងមានសុខដុមនីយកម្មខាងសាសនា។ ជាមួយគ្នានេះ សម្តេចប្រធាន បានជម្រាបជូនគណៈប្រតិភូ ពីស្ថានការណ៍ពិភពលោក ដែលមានការប្រែប្រួលកាន់តែស្មុគស្មាញ ការរំលោភបំពានច្បាប់អន្តរជាតិកាន់តែធ្ងន់ធ្ងរ អំពើហិង្សា និងសង្រ្គាមកើតមានស្ទើរគ្រប់តំបន់ ដែលបានប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។

សម្តេចបានកត់សម្គាល់ថា ការលើកកម្ពស់សិទ្ធិស្រ្តី តែងផ្សារភ្ជាប់ទៅនឹងស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចសង្គម។ បើសង្គមជាតិមានសង្រ្គាម នោះ"សិទ្ធិនារី" ក៏ធ្លាក់ចុះផងដែរ ហើយនារីគឺជាអ្នកដែលទទួលរងផលប៉ះពាល់មុនគេ។ ទិវាសិទ្ធិនារីនៅឆ្នាំនេះ នឹងប្រារព្ធរៀបចំក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ដែលជាមូលបទមួយមានអត្ថន័យជ្រាលជ្រៅ និងជាការបង្ហាញពីក្តីប្រាថ្នារបស់ស្រ្តីកម្ពុជាដែលកំពុងរងការលំបាកយ៉ាងខ្លាំងពីការឈ្លានពានរបស់បរទេស។

កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយផ្អែកលើច្បាប់អន្តរជាតិ គោរពគោលការណ៍សន្តិភាព។ ដំណើរទស្សនកិច្ចផ្លូវការ និងជាប្រវត្តិសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដោយបានបង្ហាញពីការបំពេញបេសកកម្មការទូតឈា្លសវៃ បត់បែន «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី  ឈរលើគោលការណ៍សន្តិភាព យកពលរដ្ឋនិងប្រទេសជាតិជាអាទិភាព។ បេសកកម្មចម្បងរបស់រាជរដ្ឋាភិបាល គឺបន្តអនុវត្តការទូត ច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី រួមនឹងការឆ្លើយតបដោយប្រដាប់អាវុធ នៅពេលមានការឈ្លានពានទាំងកំរោល។ រាជរដ្ឋាភិបាលកំពុងបន្តធានាសន្តិសុខ សុវត្ថិភាព និងការមើលថែទាំសុខុមាលភាពប្រជាជន តាមរយៈការផ្តល់កិច្ចអន្តរាគមន៍  សង្គ្រោះ និងជំនួយនានា ជូនប្រជាជនទាន់ពេលវេលា រួមនឹងការបន្តការអភិវឌ្ឍ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានគោរពថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបសវនាការជាមួយគណៈប្រតិភូមជ្ឈមណ្ឌល និងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនានាឱកាសនេះ។ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការងារដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ដែលជាស្រ្តីគំរូមួយរូបសម្រេចបានលទ្ធផលជាទីមោទនៈក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។ អ្នកឧកញ៉ាបានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភាក៏ជាពុទ្ធសាសនូបត្ថម្ភកដ៏សកម្ម និងជ្រះថ្លាបំផុត ដែលបានចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនាតំាងពីដើមរហូតមក។ ឆ្លៀតនៅក្នុងឱកាសនោះ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ក៏បានប្រគល់ពានស្នាដៃ “គុណធម៌ “ ជូន សម្តេចរដ្ឋសភាធិបតី ជាការដឹងគុណ និងអរគុណចំពោះសម្តេចដែលបានលះបង់កម្លំាងកាយចិត្ត ប្រាជ្ញាស្មារតី និងថវិកា ដើម្បីជាតិនិងសាសនារហូតមក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងអ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានយល់ស្របដូចគ្នាថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តំាងពីសម័យសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះ បានដើរតាមគន្លងព្រះពុទ្ធសាសនាពិតប្រាកដ។ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ជានយោបាយសន្តិភាព សាបព្រោះនូវក្តីស្រឡាញ់ ក្តីមេត្តា។ ចំណែកយុទ្ធសាស្រ្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាន់យកគឺការអត់ធ្មត់ អហិង្សា ដែលនេះគឺជាធម៌ខន្តី ដែលមានខាងគុណធម៌ខ្ពស់បំផុត៕