សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យសមិទ្ធផល «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» ដំបូងគេនៅកម្ពុជា ក្នុងខេត្តតាកែវ
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យសមិទ្ធផល «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» ដំបូងគេនៅកម្ពុជា ក្នុងខេត្តតាកែវ
Prepaired By: NARA1472 ​ Date: (3/5/2026 8:05:50 PM )
ខេត្តតាកែវ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅ «មជ្ឈមណ្ឌលបច្ចេកវិទ្យា​សហគមន៍» ដែលជាមជ្ឈមណ្ឌលដំបូងគេបង្អស់នៅកម្ពុជា ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្រុកបាទី។

ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូ ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយករដ្ឋបាលនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើបទបង្ហាញដោយបញ្ជាក់ថា មជ្ឈមណ្ឌលនេះគឺជាផ្លែផ្កានៃកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រសួងអប់រំ យុវជន និងកីឡា។ មជ្ឈមណ្ឌលនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីក្លាយជាគំរូក្នុងការអភិវឌ្ឍជំនាញឌីជីថលដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ មិនត្រឹមតែបំពាក់ដោយកុំព្យូទ័រទំនើប និងសេវាអ៊ីនធឺណិតល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខងារសំខាន់ៗចំនួន ៤ រួមមាន៖
១. អក្ខរកម្មឌីជីថល៖ បន្ទប់កុំព្យូទ័រសម្រាប់បង្រៀនសិស្សានុសិស្ស និងបណ្ដុះបណ្ដាលគ្រូបង្រៀន។
២. ការសិក្សាពីចម្ងាយ៖ ការរៀបចំអង្គប្រជុំ និងការរៀនសូត្រតាមប្រព័ន្ធអនឡាញ។
៣. ជំនាញវិជ្ជាជីវៈ៖ ការបណ្ដុះបណ្ដាលមន្ត្រីរាជការ ប្រជាពលរដ្ឋ និងការបង្រៀនជំនាញជួសជុលបរិក្ខារបច្ចេកវិទ្យា។
៤. សេវាសាធារណៈ និងព័ត៌មាន៖ រួមមានប៉ុស្តិ៍ប្រៃសណីយ៍ (ផ្ដល់សេវាបញ្ញើទៅកាន់ជាង ១០០ ប្រទេស)។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ និន សាផុន បានវាយតម្លៃខ្ពស់ចំពោះការបង្កើតមជ្ឈមណ្ឌលនេះ ដែលជាជំហានដ៏សំខាន់ក្នុងការជំរុញ​សហគមន៍ឱ្យមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ។

ជាកិច្ចបញ្ចប់ ក្នុងនាម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា លោកជំទាវ ប្រធានគណៈកម្មការ ក៏បានឧបត្ថម្ភថវិកាចំនួន ២លាន​រៀល ជូនដល់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងចំនួន ២លានរៀល ទៀត ជូនដល់ក្រុមប្រឹក្សាឃុំពារាម ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការក្នុងមូលដ្ឋានផងដែរ៕"